ចំណូលពន្ធរបស់កម្ពុជាក្នុងឆ្នាំកន្លងទៅមានទឹកប្រាក់២.៥០០លានដុល្លារ

វិទ្យុជាតិកម្ពុជា៖​ដោយ​ លោក​ វ៉ាង ភក្តី ៖

អគ្គនាយកដ្ឋានគយ និងរដ្ឋាកររបស់កម្ពុជា បានឲ្យដឹងថា ចំណូលពន្ធរបស់កម្ពុជា ដែលប្រមូលបានក្នុងឆ្នាំ២០១៨កន្លងទៅ មានទឹកប្រាក់សរុបប្រមាណជាង១០ទ្រីលានរៀល ឬប្រមាណជាង២.៥០០លានដុល្លារអាមេរិក ដោយកើនលើសឆ្នាំ២០១៧ ជាង៣២ភាគរយ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា ចំណូលរដ្ឋដែលប្រមូលបាននេះ គឺភាគច្រើនបានមកពីផ្នែកពន្ធ និងអាករលើយានយន្តនិងគ្រឿងចក្រ ប្រេងឥន្ធន:និងថាមពល គ្រឿងសំណង់ និងទំនិញចម្រុះ។ ឯកឧត្តម អះអាងថា ចំណូលពន្ធក្នុងឆ្នាំ២០១៨កន្លងទៅនេះ កើនលើសផែនការរហូតដល់ទៅជាង១២១ភាគរយ បន្ទាប់ពីអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនឹងគយ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នមានសមត្ថកិច្ច មានកិច្ចសហការល្អជាមួយវិស័យឯកជននិងអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីគយ។ ឯកឧត្តមមានប្រសាសន៍ថា «…លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះគឺពន្ធនាំចូលមាននកំណើនជាង១៨ភាគរយ អាករពិសេសកើន ៤២,៤ភាគរយ និងអាករលើតម្លៃបន្ថែម(VAT)កើន៣០,៧ភាគរយ»។ ប្រភពចំណូលពន្ធ និងអាករ សំខាន់ៗមាន៖ យានយន្តនិងគ្រឿងចក្រជិត៤៦ភាគរយ ខណៈចំណូលពន្ធ និងអាករ លើប្រេងឥន្ធនៈនិងថាមពលប្រមាណ២០ភាគរយ និងទំនិញចម្រុះនិងគ្រឿងសំណង់មានសមាមាត្រប្រមាណជាង៣៤ភាគរយនៃចំណូលសរុប។
ទោះជាយ៉ាងនេះក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យមន្រ្តីគយនិងរដ្ឋាករទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការអនុវត្តភារកិច្ចប្រមូលពន្ធចូលថវិកាជាតិ។ ជាមួយគ្នានេះ ក៏បានណែនាំសម្រាប់អនុវត្តនាឆ្នាំ២០១៩ ដោយសង្កត់ធ្ងន់លើការពង្រឹងនូវអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់អភិក្រម ព្រមទាំងផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាកាត់បន្ថយនិងធ្វើសាមញ្ញកម្មនីតិវិធីគយ តាមរយៈការធ្វើវិមជ្ឈការ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ការពង្រឹងយន្ដការពិគ្រោះយោបល់ជាមួយវិស័យឯកជន ជាដើម។
កាលពីឆ្នាំ២០១៧ ចំណូលពន្ធគយកម្ពុជាប្រមូលបានជាងជិត២.០០០លានដុល្លារអាមេរិក ក្នុងកំណើនជាង១០ភាគរយ បើធៀបនឹងឆ្នាំ២០១៦៕