ប្រមុខការទូតកម្ពុជា ប្រាប់ UN ថា ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅតែមានសម្រាប់កម្ពុជា

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី ៖


ប្រមុខការទូតកម្ពុជា បានប្រាប់ទៅឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN) ថា កម្ពុជាដើរលើផ្លូវនៃការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីឆ្លើយតបនឹងការរិះគន់ពីគណបក្សប្រឆាំង និងសហគមន៍អន្តរជាតិមួយចំនួន។


ថ្លែងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ កាលថ្ងៃទី២៥ ខែកុម្ភៈ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយ ក៏ប្តេជ្ញាការពារសន្តិភាពដែលបានមកដោយលំបាកនេះ ជាសន្តិភាពដែលមានតម្លៃធំធេងបំផុតចំពោះប្រជាជនដែលបានឆ្លងកាត់អតីតកាលដ៏ខ្លោចផ្សា ដូចដែលអ្នកទាំងអស់គ្នាបានដឹងលឺយ៉ាងច្បាស់លាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៨ ខែកុម្ភៈនេះ។
ឯកឧត្តមមានប្រសាសន៍ថា «…គ្រប់សិទ្ធិទាំងអស់ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ១៩៤៨រួមមាន៖ សិទ្ធិទទួលបានអាហារ ការថែរក្សាសុខភាព ការអប់រំ វប្បធម៌ លំនៅដ្ឋាន និងការងារ គឺតែងតែទទួលបាននូវការយកចិត្តទុកដាក់ជាអាទិភាពជានិច្ចពីសំណាក់រាជរាជរដ្ឋាភិបាល…»។
ការបំភ្លឺរបស់ប្រមុខការទូតកម្ពុជារូបនេះ ធ្វើបន្ទាប់បីសហគមន៍អន្តរជាតិមួយចំនួន បានលើក ឡើងថា កម្ពុជាបានបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ ការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានយកវេទិកានៃកិច្ចប្រជុំជាន់ខ្ពស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់UN វាយបកសហគមន៍អន្តរជាតិទាំងនោះវិញថា មតិខ្លះបែរជាចង់ឃើញតែចំណុចខ្វះខាតរបស់ប្រទេសកម្ពុជា លើតម្លៃនៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេទាមទារឲ្យមានលក្ខណៈល្អឥតខ្ចោះ ជាប្រជាធិបតេយ្យគម្រូមួយ ដែលសូម្បីតែប្រទេសរបស់អ្នករិះគន់ទាំងនោះ ក៏មិនអាចសម្រេចបានផង។ ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នៅបន្តទទួលដោយអយុត្តិធម៌បំផុតនូវការរិះគន់ដែលផ្អែកលើមូលដ្ឋានព័ត៌មានលម្អៀង និងមិនពេញលេញ របស់គណបក្សប្រឆាំង និងអង្គការNGOsបរទេស និងក្នុងស្រុកមួយចំនួន ដែលបំពានដោយគឃ្លើនលើគុណតម្លៃនៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តួយ៉ាងដូចជា ការបរិហាកេរ្តិ៍ និងការមួលបង្កាច់មកលើថ្នាក់ដឹកនាំកម្ពុជា ការអំពាវនាវជាប្រព័ន្ធឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការប្រកាន់ពូជសាសន៍ ការរៀបចំឯកសារក្លែងក្លាយ ការអុចអាលដែលនាំឱ្យមានគ្រោះថ្នាក់ដល់ទំនាក់ទំនងជាមួយប្រទេសជិតខាង ការបង្ខូចធម្មានុរូបភាពនៃស្ថាប័នជាតិ និងការបន្តអំពាវនាវឱ្យមានការងើបបះបោរពីកងកម្លាំងប្រដាប់អាវុធ បង្កជាប្រចាំនូវបរិយាកាសមួយដែលអាចបង្កើតឲ្យមានសង្គ្រាមស៊ីវិល ជាដើម។ ចំណែក សិទ្ធិសេរីភាពបញ្ចេញមតិ និងយោបល់នៅកម្ពុជា ក៏មានការបកស្រាយខុសគ្នា ទាំងការពិតកម្ពុជាមានកាសែតប្រឆាំងជាច្រើនជាភាសាអង់គ្លេស និងភាសាខ្មែរ។ សៀវភៅដែលរិះគន់ដល់ថ្នាក់ដឹកនាំរបស់ប្រទេស ត្រូវបានដាក់លក់ដោយសេរីនៅតាមបណ្ណាគារ។ ស្ថានីយ៍វិទ្យុមួយចំនួនដែលខ្លះផ្សាយចេញពីបរទេស បានចាក់ផ្សាយព័ត៌មានដែលមានការលំអៀងជារៀងរាល់ថ្ងៃ។ ការប្រើប្រាស់បណ្តាញសង្គម គឺមានសេរីភាពពេញលេញនៅទូទាំងប្រទេស៕