លំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន រយៈពេល២៨ថ្ងៃ

វិទ្យុជាតិកម្ពុជា៖​ ដោយ​  លោក​ ហោ សេងគ្រី៖ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារ ជាតិ បានមានប្រសាសន៍ថា លំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មាន ” រយៈពេល២៨ ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ” នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

តាមផេកផ្លូវការក្រងការពារជាតិបានអោយដឹងថា នេះគឺជាលំហាត់នាគមាសលើកទី៣ រវាងកងទ័ពប្រទេសទាំងពីរដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៦មក។

 ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថាលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩ ដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការល្អរវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ធ្វើលំហាត់រួមគ្នាលើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេរវកម្ម ការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិក្នុងមួយឆ្នាំម្តងៗ និងគ្រប់ប្រភេទទ័ពស្របតាមកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។ លំហាត់នេះក៏ដើម្បីឆ្លុះបញ្ចាំងអំពីគោលជំហររបស់រាជរដ្ឋាភិបាល ជាពិសេសកងយោធពលខេមរភូមិន្ទក្នុងការអនុវត្តន៍នយោបាយការពារជាតិរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនលើគ្រប់វិស័យ និងគ្រប់ ជ្រុងជ្រោយ។ 

ឯកឧត្តម ឈុំ សុជាត បញ្ជាក់បន្តថា ពិធីបើកលំហាត់ «នាគមាស ឆ្នាំ២០១៩» នឹងធ្វើឡើង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ចំណែកពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់      សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់បន្ថែមថា លំហាត់ហ្វឹកហ្វឺននេះ មានភាគីកងទ័ពរំដោះប្រជាជនចិនចូលរួម ចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួម ចំនួន២៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់ កម្លាំងបម្រើការក្នុងលំហាត់ ចំនួន៤៤៨នាក់ កម្លាំងចូលរួមក្នុងពិធីបើកបិទចំនួន១,៦៨៥នាក់។ ក្នុងលំហាត់នាគមាសនេះមានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសារមួយចំនួន ដូចជាការប្រឆាំងភេរវកម្ម ការរំដោះចំណាប់ខ្មាំង ការសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការបំពេញភារកិច្ចក្រោមឆត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភណ្ឌសំខាន់ៗដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖   រថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធគាំទ្រពីលើអាកាសជាដើម៕