រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្នើឱ្យមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិពង្រីកវិសាលភាពទៅថ្នាក់រដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌបន្ដទៀត

AKPភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានស្នើឱ្យមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិពង្រីកវិសាលភាពទៅថ្នាក់រដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌបន្ដទៀត ខណៈមានបទពិសោធន៍ ដែលទទួលបានពីការចូលរួមអនុវត្តន៍ ដោយរដ្ឋបាលស្រុកចាប់ពីឆ្នាំ២០១៧កន្លងមក។ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣ នាថ្ងៃថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សេចក្ដីព្រាងគោលការណ៍ ណែនាំស្តីពី​ការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង និងសេចក្ដីព្រាងគោលការណ៍ណែនាំ​ស្តីពី​ការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលខណ្ឌ ត្រូវបានរៀបចំឡើងដោយផ្អែក លើការអនុវត្ត គោលការណ៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការបំពេញភារកិច្ចរបស់រដ្ឋ បាលក្រុង រដ្ឋបាលខណ្ឌ ដោយចែកចេញជា០៥លក្ខខណ្ឌ ដោយទី១. គណនេយ្យភាព, តម្លាភាព និងការផ្សព្វផ្សាយ។ ទី២. ការចូលរួម ទី៣. ការបំពេញភារកិច្ចរបស់ ក្រុមប្រឹក្សា ទី៤. ការបំពេញភារកិច្ចរបស់គណៈអភិបាល និង៥. ការគ្រប់គ្រងហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ លើក ទី ៣ នេះ ក៏បានពិនិត្យ និងអនុម័តលើ ផែនការសកម្មភាពរបស់ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិ វិនិយោគរដ្ឋបាលថ្នាក់ក្រោម ជាតិប្រចាំឆ្នាំ ២០១៩  គម្រោងថវិកាឆ្នាំ ២០១៩ និងគោល ការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ។

សូមបញ្ជាក់ថា “មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” គឺជាយន្តការថ្មីមួយ សម្រាប់ ផ្តល់ប្រភពធនធានបន្ថែមលើប្រភព ធនធានដែលមានស្រាប់ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅថ្នាក់ក្រោមជាតិ ដោយផ្តល់ហិរញ្ញ ប្បទានទៅដល់គម្រោងវិនិយោគសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានលក្ខណៈ យុទ្ធសាស្រ្ត និងផ្តល់ការលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការ បំពេញភារកិច្ច និងគ្រប់គ្រងការវិនិយោគសាធារណៈឱ្យកាន់តែប្រសើរ។ កិច្ចប្រជុំក្រុមប្រឹក្សា ភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាល ថ្នាក់ក្រោមជាតិលើកទី៣នេះ បានពិនិត្យ និង ពិភាក្សាលើរបៀបវារៈ ទី១- ពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងាររបស់ លេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៧-២០១៨។ទី២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាភិបាល គ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិ យោគរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី៤-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងគោលការណ៍ណែនាំ​ស្ដីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាល ក្រុង និងរដ្ឋបាលខណ្ឌ ៕

ដោយ គង់ សិរីរ័ត្ន