សហរដ្ឋអាមេរិក និងកូរ៉េខាងជើងខិតខំប្រឹងប្រែងដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយនិងលោកនឹងព្យាយាមយ៉ាងខ្លាំងក្លាដើម្បីធ្វើការងារលើការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងបន្ទាប់មកធ្វើឱ្យកូរ៉េខាងជើងក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយ។

លោកបាននិយាយតាមបណ្តាញសង្គម Twitter ថា លោកជឿជាក់ថា ប្រទេសចិន រុស្ស៊ី ជប៉ុន និង កូរ៉េខាងត្បូង នឹងទទួលបានប្រយោជន៍យ៉ាងខ្លាំងពីកិច្ចការងារនេះ។

យោងតាមសេចក្តីប្រកាសរបស់សេតវិមានបានឱ្យដឹងថា លោក ត្រាំ និងលោក គីម គ្រោងនឹងរៀបចំកិច្ចប្រជុំមួយទល់នឹងមួយរយៈពេល ២០នាទី នៅសណ្ឋាគារ Sofitel Legend Metropole នៅទីក្រុងហាណូយនាវេលាម៉ោង ៦:៣០ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ មុនពេលពួកគេត្រូវចូលរួមពិធីអាហារសង្គមពេលល្ងាច ដែលគេរំពឹងថា នឹងបញ្ចប់នៅវេលាម៉ោង ៨:៣៥នាទីយប់។

មេដឹកនាំទាំងពីរគ្រោងនឹងរៀបចំកិច្ចប្រជុំជាផ្លូវការជាបន្តបន្ទាប់ទៀតនៅថ្ងៃទី២៨ ខែកុម្ភៈ។ កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់មួយរបស់វៀតណាមក្នុងឆ្នាំ ២០១៩ ដែលឆ្លុះបញ្ចាំងពីគោលនយោបាយរបស់វៀតណាមក្នុងនាមជាមិត្ត និងជាដៃគូដែលអាចជឿទុកចិត្តបាននៃ សហគមន៍អន្តរជាតិ។

តាមរយៈកិច្ចប្រជុំកំពូលនេះ វៀតណាមចង់បង្ហាញខ្លួនថា ជាដៃគូដ៏គួរឱ្យទុកចិត្តមួយ និងជាទិសដៅប្រកបដោយសុវត្ថិភាព និងមិត្តភាពសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)