បាក់អណ្តូងរ៉ែមាសនៅឥណ្ឌូណេស៊ីទាញយកបានសាកសព៤នាក់ និងរាប់សឹបនាក់ទៀតជាប់ទាំងរស់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារគ្រោះមហន្តរាយមួយរូបបាននិយាយពីថ្ងៃពុធថា ​ពួកអ្នកជួយង្គ្រោះបានទាញយកសាកសពកម្មករអណ្តូងរ៉ែ៤នាក់ ព្រមទាំងកំពុងព្យាយាមជួយសង្គ្រោះមនុស្សរាប់សឹបអ្នកទៀតបានជាប់ទាំងរស់នៅក្នុងកន្លែងដែលចង្អៀតបំផុតបន្ទាប់ពីអណ្តូងរ៉ែមាសខុសច្បាប់មួយបានបាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីភាគកណ្តាល ។

តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធអណ្តូងរ៉ែ​ដែលមិនមាំទាំ និងរណ្តៅមួយចំនួនធំដែលជីកដោយពួកកម្មករអណ្តូងរ៉ែ គួបផ្សំគ្នាជាមួយស្ថានភាពដី ដែលគ្មានស្ថិរភាពត្រូវបានគេស្តីបន្ទោសចំពោះគ្រោះថ្នាក់នេះ ដែលបានកើតឡើងនៅក្នុងអណ្តូងរ៉ែមាស នៅភូមិ Bakan  នៃស្រុក Bolaang Mongondow  ខេត្តស៊ូឡាវ៉េស៊ី ខាងជើង កាលពីយប់ថ្ងៃអង្គារ ។

លោក Abdul Muin Peputungan ប្រធានក្រុមគ្រាអាសន្ននៅឯស្រុកនោះបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួតាមទូរស័ព្ទថា រាប់សឹបនាក់នៃពួកគេបានស្ថិតនៅក្នុងកន្លែងដែលចង្អៀតបំផុតជាច្រើនបន្ទាប់ពីការបាក់នេះ ។ ពួកគេនៅរស់នៅឡើយនឹងបានស្រែកហៅពួកអ្នកជួយសង្គ្រោះឱ្យជួយ ។

លោក Muin  បាននិយាយថា ​ភាគច្រើននៃកម្មករអណ្តូងរ៉ែនោះ បានជាប់នៅក្នុងរណ្តៅអណ្តូងរ៉ែយ៉ាងសំខាន់ប៉ុន្តែខ្លះទៀតនៅក្នុងសាខានៃរណ្តៅនេះ ។

លោកបាននិយាយថា  តែយ៉ាងណាក៏ដោយការលំបាកក្នុងការចូលទៅកន្លែងបន្ទាប់ពីការបាក់ បានរារាំងពួកអ្នកជួយសង្គ្រោះដើម្បីជួយសង្គ្រោះពួកកម្មករអណ្តូងរ៉ែ ដែលជាប់នោះ ។

លោក Muin  បាននិយាយថា រហូតមកដល់ពេលនេះកម្មករអណ្តូងរ៉ែសរុបទាំងអស់១៧នាក់ត្រូវបានគេជួយសង្គ្រោះទាំងរស់ចេញពីអណ្តូងរ៉ែនេះ ។ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិលោក ស៊ូតូប៉ូពួរវ៉ូ នូហ្គ្រោហូ បាននិយាយនៅមុននេះថា ១៣នាក់នៃពួកគេបានរងរបួស ។

អ្នកនាំពាក្យនោះបាននិយាយថា កម្មករអណ្តូងរ៉ែមាសជាង ៦០នាក់កំពុងធ្វើការនៅក្នុងអណ្តូងរ៉ែនេះ នៅពេលដែលគ្រោះថ្នាក់បានកើតឡើង ។ រដ្ឋាភិបាលបានហាមឃាត់ប្រតិបត្តិការអណ្តូងរ៉ែមានខុសច្បាប់ ដែលតាមធម្មតាមានទំហំតូច នឹងស្ថិតនៅក្នុងតំបន់ដាច់ស្រយាល  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )