លោល ត្រាំ និងលោក គីម ចុះហត្ថលេខាលើសេចក្តីប្រកាសរួម នៅទីក្រុងហាណូយ ដោយមានពាក្យចម្រូងចម្រាស់មួយចំនួន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ​និងប្រធានាធិបតីអាម៉េរិក​លោក ដូណាល់ ត្រាំ បានគ្រោងនឹងបន្តធ្វើកិច្ចចរចា​នៅក្នុងទីក្រុងហាណូយនាថ្ងៃព្រហស្បតិ៍នេះ​ ដោយបាន​ផ្លាស់ប្តូរនូវអ្វីដែលថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​របស់ទីក្រុងព្យុងយ៉ាង​បានហៅថា ជាការបង្ហាញនូវ « ភាពស្មោះត្រង់និងស៊ីជម្រៅ » ​ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព នឹងការធ្វើមិនឱ្យមាន​នុយក្លេ​អ៊ែររបស់ពួកគេ​ក្នុងរយៈពេលមួយថ្ងៃមុននេះ។

តាមសេតវិមានបានឱ្យដឹងថា ពួកគេបានគ្រោងនឹងជួបប្រជុំគ្នាម្តងទៀត​នៅម៉ោង៩:០០​ព្រឹកនេះ នៅសណ្ឋាគារ Sofitel Legend Metropole Hanoi នៅក្នុងរដ្ឋធានីប្រទេសវៀតណាម​ សម្រាប់កិច្ចចរចាទ្វេភាគី​ «មួយទល់នឹងមួយ» មុនពេលការពង្រីកកិច្ចប្រជុំរយៈពេល ៤៥នាទីបន្ទាប់ នឹងរួមបញ្ចូលទាំងពួកទីប្រឹក្សា និងពួកមន្រ្តីនានាផ្សេងទៀត។

បន្ទាប់ពីការបរិភោគអាហារថ្ងៃត្រង់រួច​ មេដឹកនាំទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើ​សេចក្តីថ្លែងការណ៍រួមគ្នាមួយ​នៅម៉ោងប្រហែល ២:០០រសៀលនេះ។ វានៅតែមិនទាន់ប្រាកដថា តើ​​កិច្ចព្រមព្រៀងរបស់ពួកគេ​នឹងរក្សាទុកនូវផែនការ​អ្វីខ្លះ​របស់ទីក្រុង    ព្យុងយ៉ាង​ សម្រាប់ជាគ្រឹះឈានទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរ និងវិធានការ​ឆ្លើយតបអ្វីខ្លះរបស់ទីក្រុង   វ៉ាស៊ីងតោននោះ។

លោក គីម អាចនឹងស្វែងរកដើម្បីធ្វើពាណិជ្ជកម្ម​ ក្នុងការបិទរោងចក្រផលិតនុយក្លេអ៊ែរ Yongbyon នៅសម័យសូវៀតដ៏ស្មុគស្មាញនេះ សម្រាប់សេចក្តីប្រកាសនៃការបញ្ចប់​សង្រ្គាមកូរ៉េ​ឆ្នាំ ១៩៥០-៥៣​ជាមិត្តសញ្ញាមួយរបស់លោក ត្រាំ និងការលើកលែងការដាក់​ទណ្ឌកម្មមួយចំនួន​ ប្រសិនបើអាចធ្វើទៅបាន។

ដោយថ្លែងទៅកាន់ពួកអ្នកយកព័ត៌មាន អំពីលទ្ធភាពនៃការប្រកាសពីការបញ្ចប់​សង្គ្រាម​​មួយ​ ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃពុធម្សិលមិញ ជាមួយលោក គីម នោះ លោក ត្រាំ បាននិយាយថា​ យើងនឹងអាចមើលឃើញពីរឿងនេះ។

លោក ត្រាំ បានគ្រោងផងដែរថា នឹងធ្វើសេចក្តីរាយការណ៍សង្ខេបដោយផ្ទាល់ខ្លួនរបស់​លោក​ស្តីអំពីលទ្ធផល​នៃកិច្ចចរចាសម្រាប់សប្តាហ៍នេះ ជាមួយលោក គីម នៅមុនពេលដែល​លោកចាកចេញត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីងតោនវិញ​នាល្ងាចថ្ងៃព្រហស្បតិ៍នេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )