ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក នឹងកូរ៉េខាងជើង ចាប់ផ្តើមកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី២ របស់ខ្លួននៅសណ្ឋាគារ Sofitel Legend Metropole នៅទីក្រុងហាណូយ នៅវេលាម៉ោង ៦:៣០នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ (ម៉ោងក្នុងស្រុក)។

ក្នុងអំឡុងពេលនៃកិច្ចសន្ទនាគ្នាដែលមានរយៈពេល២០នាទីមុនកិច្ចចរចា ប្រធានាធិបតីសហរដ្ឋ    អាមេរិក លោក ត្រាំ បានសម្តែងនូវជំនឿជឿជាក់ថា កិច្ចប្រជុំកំពូលនេះនឹងទទួលបានជោគជ័យយ៉ាងខ្លាំងដែលស្មើ ឬល្អជាងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេនៅឯប្រទេសសិង្ហបុរីទៅទៀត។

លោកបាននិយាយថា កូរ៉េខាងជើងទទួលបានសក្តានុពលសេដ្ឋកិច្ចដ៏អស្ចារ្យ ហើយលោកមានបំណងចង់ឃើញសមិទ្ធផលរបស់ពួកគេ។ លោកក៏បានសន្យាផងដែរថា នឹងគាំទ្រដល់ប្រទេសនៅតំបន់អាស៊ីមួយនេះ។

ទន្ទឹមនឹងនេះដែរ លោក គីម ជុងអ៊ុន បាននិយាយថា លោករំពឹងថា កិច្ចប្រជុំលើកទីពីរជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនេះនឹងមានភាពល្អប្រសើរបំផុត។ លោកជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំនៅទីក្រុងហាណូយនេះនឹងនាំមកនូវលទ្ធផលជាវិជ្ជមាន។

បន្ទាប់ពីកិច្ចពិភាក្សានេះ ពួកគេនឹងទទួលទានអាហារពេលល្ងាចដោយមានការចូលរួមពីជំនួយការរបស់ពួកគេ រួមមានរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នាយកស្តីទីនៃសេតវិមានលោក Mick Mulvaney បេសកជនជាន់ខ្ពស់របស់កូរ៉េខាងជើង លោក Kim Yong-chul និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ro Yong-hol ។ សេតវិមានបាននិយាយថា ថ្នាក់ដឹកនាំទាំងពីរមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀតនៅថ្ងៃទី២៨ ខែកុម្ភៈ។

ចាប់តាំងពីកិច្ចប្រជុំកំពូលលើកដំបូងនៅក្នុងប្រទេសសិង្ហបុរីកាលពីប្រាំបីខែកន្លងមក ទាំងសហរដ្ឋ   អាមេរិក និងកូរ៉េខាងជើង បានចាត់វិធានការជាច្រើនដើម្បីដោះស្រាយភាពផ្ទុយគ្នារបស់ពួកគេដែលមានរាប់ទសវត្សមកហើយ។

យោងតាមបណ្តាអ្នកជំនាញបានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំទាំងពីរនឹងពិភាក្សាអំពីជំហានជាក់លាក់របស់កូរ៉េខាងជើងចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ និងវិធានការនានារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ព្រមទាំងការបង្កើនទំនាក់ទំនងទ្វេភាគីផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)