មេដឹកនាំកូរ៉េខាងជើងនិង ស.រ.អា ជួបគ្នានៅក្រុងហាណូយ សម្រាប់កិច្ចប្រជុំកំពូលលើកទី២   

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ  ឆ្នាំ២០១៩ — មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន (  Kim Jong un ) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump ) បានជួបគ្នាកាលពីយប់ថ្ងៃពុធ នៅក្នុងរដ្ឋធានីហាណូយរបស់ប្រទេស វៀតណាម សម្រាប់កិច្ចប្រជុំកំពូលលើកទី២របស់ពួកគេ ដើម្បីពិភាក្សាគ្នានូវមធ្យោបាយឱ្យច្បាស់លាស់សម្រាប់សន្តិភាពនឹងការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ។

លោក គីម  និង លោក ត្រាំ បានចាប់ដៃគ្នា និងញញឹមដាក់គ្នានៅក្នុងការជួបគ្នាជាលើកដំបូងរបស់ ពួកគេនៅឯសណ្ឋាគារ Sofitel Legend Metropole Hotel ក្នុងក្រុងហាណូយ ដែលនៅទីនោះមេដឹកនាំទាំងពីរ បម្រុងនឹងអង្គុយទល់មុខគ្នា មួយទល់មួយយ៉ាងខ្លីមុនហូបបាយពេលល្ងាចរួមគ្នា ដោយបើកកិច្ចប្រជុំកំពូល២ថ្ងៃរបស់ពួកគេ ។

ការចាប់ដៃគ្នានេះត្រូវបានធ្វើឡើងដោយមានទង់ជាតិកូរ៉េខាងជើង និង ស.រ.អា ដែលដាក់នៅពី ក្រោយពួកគេ ។ បដាមួយដែលព្យួរនៅពីលើទង់ជាតិនោះ សរសេរថា « កិច្ចប្រជុំកំពូលក្រុងហាណូយ » ជាភាសាអង់គ្លេសនិងភាសាកូរ៉េ ។

កិច្ចប្រជុំកំពូលនេះធ្វើឡើងប្រហែល៨ខែបន្ទាប់ពីកិច្ចប្រជុំ គីម-ត្រាំ លើកទីមួយនៅសិង្ហបុរី កាលពី ក្នុងខែមិថុនា ឆ្នាំកន្លងទៅ ដែលនៅទីនោះលោក ត្រាំ បានសន្យាផ្តល់ការធានាខាងសន្តិសុខដល់កូរ៉េខាង ជើង ដោយឡែកលោក ​គីម បានអះអាងឡើងវិញនូវការសន្យាយ៉ាងរឹងមាំ និងដោយឥតប្រែប្រួលចំពោះការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរទាំងស្រុង ។

ដោយកត់សម្គាល់ថា កិច្ចប្រឹងប្រែងការអត់ធ្មត់ គឺគេត្រូវការជាងដែលមិនធ្លាប់មាននៅក្នុងអំឡុង ពេលដែលបានកន្លងទៅនោះ លោក គីម បាននិយាយថា លោកប្រាដកក្នុងចិត្តហើយថា គេអាចបង្កើតឱ្យមានលទ្ធផលមួយ ដែលអ្នកគ្រប់គ្នានឹងស្វាគមន៍នៅក្នុងកិច្ចប្រជុំកំពូលលើកទី២ របស់លោកជាមួយ លោកត្រាំ ។

លោក គីម បាននិយាយថា មានការមិនទុកចិត្តគ្នានិងការយល់ច្រឡំ ដែលរារាំងផ្លូវរបស់មេដឹកនាំទាំងពីរ ប៉ុន្តែគេជម្នះបាននូវឧបសគ្គនេះ ដើម្បីជួបគ្នាម្តងទៀត នៅក្រុងហាណូយ ក្នុងពេល២៦០ថ្ងៃ ឬ លើសពីនេះ ។

លោក ត្រាំ បាននិយាយថា លោក សង្ឃឹមថា កិច្ចប្រជុំរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងនឹង « ស្មើគ្នាឬធំជាង » កិច្ចប្រជុំកំពូលលើកដំបូង ។ ប្រធានាធិបតីអាម៉េរិកបាននិយាយថា លោកបានធ្វើកិច្ចប្រជុំលើកដំបូងប្រកបដោយជោគជ័យ ជាមួយ លោក គីម គេបានធ្វើឱ្យមានការជឿនលឿនយ៉ាងច្រើន ហើយការជឿនលឿនធំបំផុតនោះ គឺទំនាក់ទំនងល្អរបស់លោកជាមួយ លោក គីម ។ លោកបាននិយាយបន្ថែមថា កូរ៉េខាងជើងមានសក្តានុពល សេដ្ឋកិច្ចដ៏ធំសម្បើម ដែលមិនអាចជឿននិងគ្មានកំណត់ ។

បន្ទាប់ពីបង្ហាញខ្លួនយ៉ាងខ្លីនៅមុខពួកអ្នកយកព័ត៌មានមក លោក គីម និងលោក ត្រាំ បានធ្វើការ សន្ទនាគ្នា បិទទ្វារមួយទល់មួយចំនួន២០នាទី មុនហូបបាយពេលល្ងាចរួមគ្នាជាមួយទីប្រឹក្សា និងអ្នកបកប្រែដែលមានវត្តមានរបស់ពួកគេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )