នាយករដ្ឋមន្រ្តីវៀតណាមជួបប្រជុំជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅទីក្រុងហាណូយ។

មេដឹកនាំរដ្ឋាភិបាលវៀតណាមរូបនេះបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់ មេដឹកនាំសហរដ្ឋអាមេរិកទៅកាន់ប្រទេសវៀតណាមសម្រាប់កិច្ចប្រជុំកំពូលលើកទីពីររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក និងសកម្មភាពទ្វេភាគីជាមួយវៀតណាម។

ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump បានសម្តែងសេចក្តីរីករាយចំពោះវៀតណាម និងការជួបប្រជុំជាមួយនាយករដ្ឋមន្ត្រី Phuc ម្តងទៀត ដោយលោកបានកត់សម្គាល់នូវការផ្លាស់ប្តូរជាច្រើននៅក្នុងប្រទេសវៀតណាមចាប់តាំងពីបានទៅដល់ទីនោះកាលពីថ្ងៃទី២៦ ខែកុម្ភៈ។

លោកបានកត់សម្គាល់នូវសេចក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលលើកទី២ របស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងនៅទីក្រុងហាណូយនេះ នឹងទទួលបានជោគជ័យ និងការកោតសរសើរចំពោះការរៀបចំរបស់       វៀតណាមសម្រាប់ព្រឹត្តិការណ៍នេះ។

នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump ទៅកាន់ប្រទេសវៀតណាម ដែលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោកបានធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ នឹងបានចូលរួមទិវាសប្តាហ៍ថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងដាណាង ផងដែរ។

ភាគីទាំងពីរបានព្រមព្រៀងផ្តល់អាទិភាពទៅការលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសនៅកម្រិតខ្ពស់ក្នុងឆ្នាំ ២០១៩ ឆ្ពោះទៅខួបលើកទី២៥ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីនៅក្នុងឆ្នាំ ២០១៩ នេះ។

ភាគីទាំងពីរបានឯកភាពបន្តពិចារណាទៅលើភាពជាដៃគូសេដ្ឋកិច្ច និងវិនិយោគ ដែលជាកម្លាំង ចលករនៃទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក ខណៈដែលមានការជំរុញបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )