មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា វិស័យហិរញ្ញវត្ថុបែបទំនើបនៅកម្ពុជា មានការ លំបាកផ្នែកបច្ចេកវិទ្យា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ -មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា វិស័យហិរញ្ញវត្ថុបែបទំនើប បាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះ ក៏នៅតែជួបការ លំបាកដោយសារចំណេះដឹងផ្នែកបច្ចេកវិទ្យា ចំណេះដឹងពាក់ព័ន្ធនឹងហិរញ្ញវត្ថុឌីជីថល។

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងដូច្នេះក្នុង សិក្ខាសាលាស្តីពី “ដំណើរវិវឌ្ឍន៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ” នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។

លោកជំទាវ ងួន សុខា បានបញ្ជាក់ថា ការយល់ដឹងរបស់អតិថិជននៅមានកម្រិត ព្រម ទាំងភាពស្មុគស្មាញនៃប្រតិបត្តិការហិរញ្ញវត្ថុបែបទំនើបជាដើម ដែលជាមូលហេតុចម្បងជំរុញ ឱ្យរាជរដ្ឋាភិបាលគិតគូរឡើងវិញក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបែបទំនើប ដែលជាបដិវត្តន៍ ឧស្សាហកម្មទី៤.០នៅកម្ពុជាឱ្យមានការរីកចម្រើនតាមរយៈយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ និងឯកសារទស្សនា​ទានស្តីពីសារពើពន្ធអេឡិចត្រូនិក ដើម្បីជួយគាំទ្រដល់វិស័យហិរញ្ញវត្ថុបែបទំនើបក្នុងការ ពង្រីកអាជីកម្ម និងលើកទឹកចិត្តការបង្កើតថ្មី (Startup)ផងដែរ។ លោកជំទាវបានបន្ដថា បន្ថែម​លើនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្ត និងអភិឌ្ឍន៍ SMEs នៅក្នុងវិស័យមូលបត្រ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណវុឌ្ឍិរបស់ធុរកិច្ចថ្មីៗ ឱ្យ មានលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌប្រកួតប្រជែងពីស្ថាប័នហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងចម្បងៗ គឺចែក រំលែកនូវបទពិសោធន៍នានាពីសាធារណរដ្ឋកូរ៉េលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីប្រមូល ធាតុចូលសំខាន់ៗ ពីបណ្តាស្ថាប័នពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋកូរ៉េ សម្រាប់ជាមូលដ្ឋានក្នុងការចងក្រងឯកសារគោលនយោបាយជាតិលើ “វិស័យបច្ចេក វិទ្យាហិរញ្ញវត្ថុបែបទំនើប”។ ចំពោះអ្នកចូលរួមក្នុងសិក្ខាសាលានេះដែរ ក៏មានតំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជន ដែលមកពី ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា ក្រុមប្រឹក្សាជាតិគណនេយ្យ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” សាលារាជធានីភ្នំពេញ តំណាងធនាគារ ពាណិជ្ជកម្មធំៗចំនួន០៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង០៧ ក្រមហ៊ុនធានារ៉ាប់ រងអាយុជីវិត និងទូទៅចំនួន០៧ សាកលវិទ្យាល័យចំនួន០៤ ក្រុមហ៊ុនជួញដូរឧបករណ៍ និស្សន៍ចំនួន១០ សមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុបែបទំនើបកម្ពុជា ក្រុមហ៊ុននវានុវត្តន៍ធុរកិច្ចថ្មី (Business Startup), សាស្រ្តាចារ្យ-ជំនាញការជនជាតិកូរ៉េ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត សរុបប្រមាណ១០០នាក់ ៕

ដោយ គង់ សិរីរ័ត្ន