ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៤​ ចាប់ពី​ថ្ងៃទី០៦-០៩ ខែមេសា ឆ្នាំ២០១៩ នៅខេត្ដកំពង់ចាម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ -ក្រសួងពាណិជ្ជកម្មបានប្រកាសឱ្យដឹងថា ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផល ក្នុងស្រុកឱ្យមានការទទួលស្គាល់ និង​​ចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស នោះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ “យុទ្ធនាការទិញ ផលិតផលខ្មែរ” រដូវកាលទី៤​ និងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី២​ ចាប់ ពី​ថ្ងៃទី០៦-០៩ ខែមេសា ឆ្នាំ២០១៩ នៅក្រុងកំពង់ចាម ខេត្ត​កំពង់ចាម។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញាក់​ស្មារតីមហាជនទូទៅ ឱ្យងាកមកគាំទ្រ និងប្រើ​ប្រាស់​​ផលិតផលក្នុងស្រុកឱ្យបានច្រើនជា អតិបរិមា។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាម​ស្តង់ដារ ផលិតកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់ បន្ត។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏សូមអញ្ជើញ លោក-លោកស្រី ដែល មានបំណង ចូល​រួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះ សូមប្រញាប់រួសរាន់ មកដាក់ពាក្យចូលរួម ព្រោះ​ចំនួន​ស្តង់មានកំណត់។ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ សាធារណជនទូទៅចូលរួមទស្សនា និង​​គាំទ្រព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ កុំបីខកខាន ឡើយ។

ចំពោះព័ត៌មាន​លម្អិត​ផ្សេងៗ ស្តីពីការរៀបចំពិព័រណ៍ខាងលើ សូមទាក់ទងនាយកដ្ឋាន កិច្ចការពិព័រណ៍​ នៃ​អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ​ក្រសួង​​​ពាណិជ្ជកម្ម តាមរយៈទូរស័ព្ទ ទាក់ទង៖    ០១៧ ៦១១ ១០២ ឬ​ ០៧៧ ៣៣៩ ៤៣៩/ ០១២ ២៥ ៣៣ ៥៥​ ឬ ០១៧ ៤៩៥ ០៩១៕

ដោយ អ៊ុន រិទ្ធី