មន្ត្រីរបរិស្ថានកម្ពុជានិងឡាវសហការរួមគ្នាបង្កើនរក្សាបរិស្ថាននៅតាមលំហូរទឹកទន្លេមេគង្គ

វិទ្យុជាតិកម្ពុជា៖ អ៊ាន គឹមហឿន ខេត្ត ស្ទឹងត្រែង ៖

មន្ត្រីបរិស្ថានបានចាត់ទុកលំហូរ ទឹកទន្លេមេគង្គលើ ជាដង្ហើមនៃជីវិតសម្រាប់នមុស្ស សត្វនិងជីវចម្រុះ ដែលសំបូរទៅដោយប្រព័ន្ធអេកូលោស៊ី ហើយធនធានទាំងនេះមន្ត្រីបរិស្ថានរវាងខេត្តស្ទឹងត្រែង កម្ពុជានិងខេត្តចំប៉ាសាក់ឡាវ រួមគ្នារៀបផែនការលើកស្ទួយឱ្យបានកាន់តែប្រសើឡើងនៅឆ្នាំនេះ។


ក្នុងឱកាសចុះសិក្សា តំបន់រាមសារនៅខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៦កុម្ភៈកន្លងមកនេះ លោកអេងភិរ៉ុងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖នេះជាបេសកកម្មលើកទី១នៅឆ្នាំ២០១៩ ដែលផ្នែកបរិស្ថាននៃប្រទេសទាំង២កម្ពុជា-ឡាវ ចាប់ផ្តើមរៀបចំផែនការសាជាថ្មី ដើម្បីលើកស្ទួយផ្នែកបរិស្ថានឱ្យបានប្រសើរឡើង ចៀសវាងការបង្ហូរទឹកកខ្វក់ ការចោលសំរាម ការកាប់បំផ្លាញព្រៃលិចទឹក នៅតាមដងទន្លេមេគង្គ នឹងការទាញយកផលប្រយោជន៍ដោយមិនបានធ្វើការសិក្សាជាមុន។


លោកប្រធានមន្ទីរបន្ថែមថា៖ខេត្តស្ទឹងត្រែងមានតំបន់រាមសារប្រកបដោយសក្តានុពលដែលយើងត្រូវអភិរក្សឱ្យមានប្រសិទ្ធភាព រហូតទៅដល់ ព្រំប្រទល់ជាប់ជាមួយ ទឹកដីភូមិដនសាហុង ស្រុកមឿងខូងខេត្តចំប៉ាសាក់ប្រទេសឡាវ។


(សម្លេង)៖ឥឡូវឡាវគេបានមកទស្សនកិច្ចខាងតំបន់យើងនេះដើម្បីដកពិសោធន៍ការងាររបស់យើងតើការគ្រប់គ្រងរបស់យើងវាយ៉ាងម៉េចគេចង់ដឹងបទសោធន៍ការគ្រប់គ្រងតំបន់រាមសាររបស់យើងនៅខេត្តស្ទឹងត្រែងនេះ នឹងនៅឆ្នាំ២០១៩មន្ទីរបរិស្ថាននឹងសហការជាមួយមន្ទីរទេសចរណ៍រៀបចំអេកូទេសចរណ៍នៅតំបន់នេះឱ្យមានប្រសិទ្ធភាពសម្រាប់ផលប្រយោជន៍សហគមន៍មូលដ្ឋានយើង។
លោកធីម លី ប្រធានផែនការនៃគណៈកម្មការ ទន្លេមេគង្គអន្តរជាតិមកពីប្រទេសឡាវបានគាំទ្រចំពោះយន្តការដ៍ល្អនេះ ព្រោះវាក៍ជាបទពិសោធន៍មួយដែលភាគីឡាវបានមកសិក្សាផ្ទាល់ ហើយពេលវិលទៅមាតុភូមិវិញនឹងរៀបចំផែនការរបស់ខ្លួនចុះអនុវត្តដើម្បីលើកស្ទួយតំបន់រាមសារឱ្យមានភាពទាក់ទាញ។លោកបន្តថា៖ នេះជាការរៀបចំអភិវឌ្ឍន៍ ឱ្យដើរទន្ទឹមគ្នានឹងការអភិរក្ស ហើយផ្នែក បរិស្ថានក៍ត្រូវបានលើកកម្ពស់ដោយប្រកាន់ភ្ជាប់ចំពោះការទទួលខុសត្រូវក្នុងពេលដែលយើងទាញយកផលប្រយោជន៍ពីធនធានធម្មជាតិ។
(សម្លេង)ការធ្វើនេះអាចមានសំខាន់ទៅលើវិស័យទេសចណ៍និង ការពារមច្ឆជាតិដែរ ព្រោះវាជាជម្រកត្រីពង កូនចៅកើតបន្ត។
លោស្រី ស៊ុយ ចាន់ឌឿន ប្រជាសហគមន៍កោះខេលក់ដូចំណីអាហារនៅតំបន់នេះបានបញ្ជាក់ថា៖បានឃើញការយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធពួកគាត់មានកម្លាំងក្នុងការចូលរួមសម្អាត់បរិស្ថាននៅតំបន់នេះដែរព្រោះពេលមានសោភណ្ឌភាពមានភ្ញៀវមកលេងច្រើន។
(សម្លេង)ព្រោះអីខ្ញុំមានបងប្អូនច្រើនជួយគ្នា ពេលភ្ញៀវមកអញ្ចឹងកុំឲ្យចាំយូរ ព្រោះគេមក
យើងសំអាតបរិស្ថាន កុំឲ្យគេថាគគ្រិចគេថាអញ្ចេសអញ្ចុះ ។
សូមបញ្ជាក់ថា៖ នេះជាផ្នែកមួយមានសារសំខាន់ក្នុងការលើកកំពស់ផ្នែកបរិស្ថាន នៅតាមដងទន្លេមេគង្គ ជាពិសេសអាជ្ញាធរនៃខេត្តចំប៉ាសាក់ និងខេត្តស្ទឹងត្រែង បង្កើនការថែរក្សារួមគ្នា ចំពោះធនធានជីវៈចំរុះឲ្យកាន់តែមាននិរន្តរៈភាពនិងកាន់តែប្រសើរឡើង៕