កម្ពុជាធ្វើបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

វិទ្យុជាតិកម្ពុជា​៖

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើបទអន្តរាគមន៍
នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
បទអន្តរាគមន៍មានខ្លឹមសារជាអាទ៍ថាឯកឧត្ដមប្រធាន
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានមកថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៅថ្ងៃនេះ។ ការងាររបស់ស្ថាប័នដ៏ឧត្តុង្គឧត្តមមួយនេះ ដែលគោលដៅមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ គួរតែទទួលបានការគោរពដ៏ជ្រាលជ្រៅពីយើងទាំងអស់គ្នា។
ឯកឧត្ដមប្រធាន

ខ្ញុំគ្មានមេរៀនអ្វីយកមកចែករំលែកក្រៅតែពីមេរៀនដែលប្រទេសកម្ពុជារបស់ខ្ញុំបានឆ្លងកាត់នោះទេ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជារបស់ខ្ញុំ កំពុងស្ថិតនៅលើផ្លូវបំបែកនៃទស្សនៈពីរផ្ទុយគ្នាស្រឡះដែល គួរឲ្យសោកស្តាយ។ មតិជាច្រើនចាត់ទុកប្រទេសកម្ពុជាថាជា “រឿងជោគជ័យ” នៃប្រទេសមួយដែលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ដុតកំទេចរាបដល់ដីដោយភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ហើយបានងើបឡើងពីកំទេចផេះផង់ បានផ្សះផ្សាក្នុងចំណោមប្រជាជនរបស់ខ្លួន និងសម្រេចបាននូវការវិវត្តប្រែប្រួលនៃសេដ្ឋកិច្ចសង្គមដ៏ធំធេង។ ជាអកុសល មតិខ្លះបែរជាចង់ឃើញតែចំណុចខ្វះខាតរបស់ប្រទេសខ្ញុំលើតម្លៃនៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេទាមទារឲ្យមានលក្ខណៈល្អឥតខ្ចោះ ជាប្រជាធិបតេយ្យគម្រូមួយដែលសូម្បីតែប្រទេសរបស់អ្នករិះគន់យើងខ្ញុំក៏មិនអាចសម្រេចបានផង។
ឆ្នាំនេះគឺជាខួបលើកទី ៤០ នៃការបញ្ចប់របបប្រល័យពូជសាសន៍ ប៉ុល ពត។ គឺជាឱកាសសម្រាប់យើងរំលឹកដល់ខ្លួនឯង និងរំលឹកពិភពលោកថា តើយើងផ្តើមចេញដំណើរពីណាមក។ ក្រោយពីកាន់អំណាចអស់រយៈពេលជិតបួនឆ្នាំ ប្រជាជនកម្ពុជាជាង ២ លាននាក់ ក្នុងចំណោមចំនួនប្រជាជនសរុប ៧,២ លាននាក់ដែលរស់នៅក្នុងឆ្នាំ១៩៧៥ បានស្លាប់ក្នុងដៃនៃរបបដ៏ឃោរឃៅនេះ។ ជនរងគ្រោះទាំងនោះ ភាគច្រើនជាអ្នករស់នៅទីប្រជុំជនដែលមានការអប់រំ។ នៅឆ្នាំ១៩៧៩ ប្រទេសកម្ពុជាគឺជាប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង គ្មានផ្លូវ គ្មានស្ពាន គ្មានសាលារៀន គ្មានមន្ទីរពេទ្យ គ្មានមធ្យោបាយដឹកជញ្ជូន គ្មានសេវារដ្ឋបាល គ្មានលុយ គ្មានសាសនា គ្មានរដ្ឋ។ ចំណែកប្រជាជនវិញ ពួកគេជាអ្នករស់រានមានជីវិតដែលបាក់ស្បាតស្មារតី និងបាត់បង់កំលាំងកាយ ដែលបានរស់នៅយ៉ាងវេទនាពីការនិរទេសខ្លួនជាច្រើនដង ហើយគ្មានសល់អ្វីទាំងអស់ក្នុងខ្លួន។
អ្នករស់រានមានជីវិតទាំងនេះហើយ ដែលរដ្ឋភាគច្រើននៅក្នុងអង្គការសហប្រជាជាតិ(អ.ស.ប.) បានសម្រេចចិត្តដាក់ទណ្ឌកម្មហ៊ុមព័ទ្ធទាំងស្រុង ខណៈដែលពួកគេបានអនុញ្ញាតអោយពួកឃាតករខ្មែរក្រហមកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។ បណ្តារដ្ឋាភិបាលដដែលនេះ ដែលបានប្រៀនប្រដៅឥតឈប់ឈរអំពីលទ្ធិប្រជាធិបតេយ្យ និងសិទិ្ធមនុស្ស គឺជាអ្នកដែលបានដកហូតពីអ្នករស់រានមានជីវិតដែលរួចផុតពីសោកនាដកម្មដ៏អាក្រក់បំផុតមួយនៃសតវត្សរ៍ នូវសិទ្ធិទទួលបានស្បៀងអាហារ សុខភាព ការអប់រំ លំនៅដ្ឋាន ការអភិវឌ្ឍ បូករួមទាំងសន្តិភាពផង។ ទណ្ឌកម្មនេះបានអូសបន្លាយអស់រយៈកាល ១២ ឆ្នាំ។
នេះហើយគឺជាស្ថានភាពដែលយើងខ្ញុំបានចាប់ដំណើរចេញមក។

សព្វថ្ងៃនេះ ប្រទេសកម្ពុជាទទួលបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គឺភាគច្រើនដោយសារតែសន្តិភាព និងនយោបាយ “ឈ្នះ-ឈ្នះ” ដើម្បីការផ្សះផ្សាជាតិរបស់នាយករដ្ឋមន្ត្រីយើងខ្ញុំ ប្រាំឆ្នាំក្រោយអាជ្ញាធរបណ្តោះអាសន្ននៃអ.ស.ប. នៅកម្ពុជា បានចាកចេញ។
ក្នុងរយៈពេលនៃការស្តារប្រទេសជាតិឡើងវិញប៉ុន្មានឆ្នាំមកនេះ គ្រប់សិទ្ធិទាំងអស់ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ១៩៤៨ រួមមាន សិទ្ធិទទួលបានអាហារ
ការថែរក្សាសុខភាព ការអប់រំ វប្បធម៌ លំនៅដ្ឋាន និងការងារ គឺតែងតែទទួលបាននូវការយកចិត្តទុកដាក់ជាអាទិភាពជានិច្ចពីសំណាក់រាជរាជរដ្ឋាភិបាល។ វឌ្ឍនភាពសំខាន់ៗទាំងនេះ អាចត្រូវបានបញ្ជាក់សក្ខីកម្មតាមរយៈគ្រប់អង្គការអន្តរជាតិទាំងអស់ដែលកំពុងធ្វើការនៅក្នុងប្រទេសរបស់យើង។ សេដ្ឋកិច្ចរបស់យើងបានកើនឡើងក្នុងអត្រាលើស ៧% នៅក្នុងរយៈពេលជាង ២ទស្សវត្សរ៍ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសទី ៦នៅលើលោកដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេ។ អត្រានៃភាពក្រីក្ររបស់យើងត្រូវបានកាត់បន្ថយយ៉ាងគំហុកមកនៅក្រោម ១០% ខណៈពេលដែលអត្រានៃការទទួលបានការអប់រំថ្នាក់បឋមសិក្សារបស់យើងបានឈានរហូតដល់ ៩៨%។ អាយុសង្ឃឹមរស់ជាមធ្យមរបស់យើងបានកើនឡើងពី ៥៤ឆ្នាំ នៅឆ្នាំ១៩៩៣ ឡើងដល់ ៦៩ឆ្នាំ នៅឆ្នាំ២០១៦។ ចំពោះគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ កម្ពុជាបានសម្រេចគោលដៅស្ទើរតែទាំងអស់មុនកាលកំណត់។ ពីប្រទេសទទួលយកកងរក្សាសន្តិភាពអ.ស.ប. កម្ពុជាបានប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អ.ស.ប. ដោយបានបញ្ជូនកងកម្លាំងប្រមាណជា ៦០០០នាក់ ចាប់តាំងពីឆ្នាំ២០០៦ ទៅកាន់ប្រទេសចំនួន៨ នៅអាហ្រ្វិក និងមជ្ឈិមបូព៌ា។
ជាអកុសល សមិទ្ធផលទាំងនេះ ក៏ដូចជាសមិទ្ធផលដទៃទៀត កម្រនឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នានា ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សានេះ ហើយជាលទ្ធផល រាជរដ្ឋាភិបាលរបស់យើង នៅបន្តទទួលដោយអយុត្តិធម៌បំផុតនូវការរិះគន់ដែលផ្អែកលើមូលដ្ឋានព័ត៌មានលម្អៀង និងមិនពេញលេញ។ ព័ត៌មានរបស់ពួកគេ ត្រូវបានយកចេញពីប្រភពតែមួយគឺ គណបក្សប្រឆាំង និងអង្គការ NGOs បរទេស និងក្នុងស្រុកមួយចំនួន ដែលដើរតាមរបៀបវារៈនយោបាយរបស់ពួកគេ។
បើនិយាយពីភាពលម្អៀង វាគួរតែត្រូវបានកត់សម្គាល់ថា របាយការណ៍ទាំងនោះដែលបានរិះគន់យ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាល គឺកម្រនឹងលើកឡើងអំពីការអនុវត្តរបស់គណបក្សប្រឆាំង នៅពេលដែលទង្វើរបស់គណបក្សប្រឆាំងមានចេតនា និងគោលបំណង បំពានដោយគឃ្លើនលើគុណតម្លៃនៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តួយ៉ាងដូចជា ការបរិហាកេរ្តិ៍ និងការមួលបង្កាច់មកលើថ្នាក់ដឹកនាំរបស់យើង ។
ការអំពាវនាវជាប្រព័ន្ធឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការប្រកាន់ពូជសាសន៍ ការរៀបចំឯកសារក្លែងក្លាយ ការអុចអាលដែលនាំឱ្យមានគ្រោះថ្នាក់ដល់ទំនាក់ទំនងជាមួយប្រទេសជិតខាង ការបង្ខូចធម្មានុរូបភាពនៃស្ថាប័នជាតិ និងការបន្តអំពាវនាវឱ្យមានការងើបបះបោរពីកងកម្លាំងប្រដាប់អាវុធ បង្កជាប្រចាំនូវបរិយាកាសមួយ ដែលអាចបង្កើតឲ្យមានសង្គ្រាមស៊ីវិល។
ការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលកើតមានដូចគ្នានៅបស្ចិមប្រទេសមួយចំនួន គឺមិនត្រូវបានលើកឡើងទាល់តែសោះ។ ឧទាហរណ៍ជាក់ស្តែង ដូចជា ការបំពានចំពោះការហាមប្រាមមិនឱ្យមានការ
ផ្តល់ហិរញ្ញវត្ថុពីបរទេសដល់គណបក្សនយោបាយ ការបំពានច្បាប់ស្តីពីសមាគម ការបដិសេធមិនអនុវត្តតាមបទបញ្ញត្តិរបស់ប្រទេសដែលបទបញ្ញត្តិនោះត្រូវបានរៀបចំដោយមានការជួយគាំទ្រពីបស្ចិមប្រទេស។ ជានិច្ចកាល របាយការណ៍ទាំងនេះតែងតែលើកឡើងថា សេចក្តីសម្រេចរបស់តុលាការរបស់យើងគឺ “មានចរិតនយោបាយ” ក្នុងពេលដែលការកាត់សេចក្តីចំពោះហេតុការណ៍ដូចគ្នា ក្នុងកាលៈទេសៈដូចគ្នា ដោយតុលាការប្រទេសលោកខាងលិច នាំមកនូវសេចក្តីសម្រេចដូចគ្នា។ ខាងលើនេះបានពន្យល់យ៉ាងច្បាស់អំពីភាពលំអៀងរបស់ពួកគេចំពោះយើងខ្ញុំ។

ឥឡូវនេះ ខ្ញុំសូមលើកឡើងអំពីបទបញ្ញាត្តិមួយចំនួននៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ ១៩៤៨ និងសូមពន្យល់ជូនថា តើកម្ពុជាបានគោរពបទបញ្ញត្តិទាំងនោះយ៉ាងដូចម្តេច?
ក្នុងពេលដែលប្រទេសជាច្រើនត្រូវបានបែកបាក់ដោយជម្លោះសាសនា នៅកម្ពុជា សេរីភាពខាងសាសនា និងការរួមរស់ដោយសុខសាន្តរវាងអ្នកកាន់សាសនាខុសគ្នា គឺជាការពិតមួយក្នុងជីវភាពប្រចាំថ្ងៃរបស់យើង។ អ្នកកាន់សាសនាគ្រឹស្ត និងអ្នកកាន់សាសនាឥស្លាមភាគតិច មានវត្តមានដ៏សកម្ម និងទទួលបានការគោរពដូចគ្នា។
ចំពោះសិទ្ធិសេរីភាពបញ្ចេញមតិ និងយោបល់ មានការបកស្រាយខុសនៅបរទេសអំពីកម្ពុជា៖ ការពិតគឺយើងមានកាសែតប្រឆាំងជាច្រើនជាភាសាអង់គ្លេស និងភាសាខ្មែរ។ សៀវភៅដែលរិះគន់ដល់ថ្នាក់ដឹកនាំរបស់ប្រទេស ត្រូវបានដាក់លក់ដោយសេរីនៅតាមបណ្ណាគារ។ ស្ថានីយ៍វិទ្យុមួយចំនួនដែលខ្លះផ្សាយចេញពីបរទេស បានចាក់ផ្សាយព័ត៌មានដែលមានការលំអៀងជារៀងរាល់ថ្ងៃ។ ការប្រើប្រាស់
បណ្តាញសង្គមគឺមានសេរីភាពពេញលេញនៅទូទាំងប្រទេស។ ការអនុវត្តស្មើគ្នាលើកាតព្វកិច្ចបង់ពន្ធ និងការគោរពចំពោះក្រមសីលធម៌ គឺជាកាតព្វកិច្ចផ្លូវច្បាប់ ដែលពុំមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែក៏មាននៅបណ្តាបស្ចិមប្រទេសផងដែរ។ ការរិះគន់បែបនេះពីបស្ចិមប្រទេស គឺមិនចេះចប់ទេ។ តួយ៉ាងគឺក្រោមលេសនៃសិទ្ធិសេរីភាពបញ្ចេញមតិ មានអ្នកខ្លះបានរិះគន់យើង ពីការការពារភាពមិនអាចបំពានបាននៃអង្គព្រះមហាក្សត្ររបស់យើងទៀតផង។

នៅពេលដែលមេដឹកនាំគណបក្សប្រឆាំងប្រកាសជាសាធារណៈថា គាត់និងគណបក្សរបស់គាត់បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបចេ្ចកទេសពីអំណាចបរទេស ដើម្បីផ្តួលរំលំតាមរយៈមធ្យោបាយខុសច្បាប់ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ យើងគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការចាំបាច់ ដើម្បីការពារស្ថាប័ន សន្តិភាព និងស្ថិរភាពរបស់ប្រទេសយើងនោះទេ។
គណៈប្រតិភូអូស្ត្រាលី បានលើកឡើងក្នុងសម័យប្រជុំនេះកាលពីឆ្នាំមុនថា “នីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះដើម្បីធានាថា គ្រប់គ្នាគឺស្មើគ្នាចំពោះមុខប្រព័ន្ធយុត្តិធម៌របស់យើង”។ នេះគឺជាគោលការណ៍ដូចគ្នា ដែលយើងបាននិងកំពុងអនុវត្តនៅស្រុកយើង។
អ្វីដែលរំខានយើងនោះគឺថា ទោះបីជាមានភស្តុតាងច្បាស់លាស់យ៉ាងណាក៏ដោយ ក៏មានរដ្ឋាភិបាល បស្ចិមប្រទេសមួយចំនួនបានតវ៉ាដេញដោលលើអង្គហេតុដែលយើងយកមកបញ្ជាក់អំពីការសម្រេចចិត្តនេះ។ តាមរយៈការធ្វើដូច្នេះ គឺពួកគេមានចេតនារំលោភលើអធិបតេយ្យភាព និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសយើង ដែលនេះជាអាកប្បកិរិយាដែលយើងពិតជាមិនអាចទទួលយកបានទាល់តែសោះ។

បច្ចុប្បន្ននេះ បន្ទាប់ពីចាត់វិធានការការពារទាំងនេះ យើងបានខិតខំធ្វើការចរចាជាមួយអ្នកទាំងឡាយណាដែលគាំទ្រឲ្យមានលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព ដើម្បីស្វែងរកមធ្យោបាយធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរបស់យើងអាចដំណើរការទៅបាន ជាមួយស្ថិរភាពនយោបាយ និងធ្វើឲ្យប្រព័ន្ធពហុបក្ស និងសន្តិភាពសាធារណៈ ដើរស្របគ្នាបាន។ ក្នុងស្មារតីនេះ យើងបានចាត់វិធានការតាមបញ្ញាត្តិច្បាប់ ដើម្បីអនុញ្ញាតឲ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង ១១៨រូប ធ្វើសមាហរណកម្មពេញលេញ ទៅក្នុងជីវិតនយោបាយឡើងវិញ។ រាជរដ្ឋាភិបាលក៏បានបង្កើតយន្តការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល ហើយកាលពីថ្ងៃទី២៩ ខែមករា កន្លងទៅ រូបខ្ញុំផ្ទាល់ក៏បានផ្តួចផ្តើមកិច្ចសន្ទនាមួយ ដែលនឹងក្លាយជាការសន្ទនាជាទៀងទាត់ជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេសផងដែរ។
ឯកឧត្តមប្រធាន
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
កាលពីប៉ុន្មានខែមុន យើងបានបន្តអាណត្តិ ២ ឆ្នាំទៀត ដល់ការិយា ល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប នៅទីក្រុងភ្នំពេញ ហើយកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងទ្វីបអាស៊ីដែលមានយន្តការបែបនេះ។ យើងក៏បានបន្តស្វាគមន៍ដំណើរទស្សនកិច្ចនិងអនុសាសន៍ពីសំណាក់អ្នករាយការណ៍ពិសេស។ កាលពីខែមុន គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងយន្តការពិនិត្យជាសកលតាមកាលកំណត់ ហើយបានយកឱកាសនោះ បង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនូវវិធានការជាក់ស្តែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស។ ខ្ញុំសូមសំដែងនូវអំណរគុណសាជាថ្មីរបស់

គណៈប្រតិភូយើងចំពោះប្រទេសទាំងអស់ដែលបានផ្តល់ឲ្យយើងដោយស្មោះត្រង់នូវមតិយោបល់ និងអនុសាសន៍ ។
ខ្ញុំសូមបញ្ចប់ដោយគ្រាន់តែគូសបញ្ជាក់សាជាថ្មីនូវការអះអាងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះលោកជំទាវ មីសែល បាឆេឡេ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ.ស.ប. កាលពីពេលថ្មីៗនេះថា កម្ពុជាប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយក៏ប្តេជ្ញាការពារសន្តិភាពដែលបានមកដោយលំបាកនេះ ជាសន្តិភាពដែលមានតម្លៃធំធេងបំផុតចំពោះប្រជាជនដែលបានឆ្លងកាត់អតីតកាលដ៏ខ្លោចផ្សា ដូចដែលអ្នកទាំងអស់គ្នាបានដឹងលឺយ៉ាងច្បាស់លាស់។
ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់ និងសូមជូនពរឲ្យកិច្ចប្រជុំទទួលបានជោគជ័យ៕