រាជរដ្ឋាភិបាលកម្ពុជាចេញសារាចរណែនាំដល់ក្រសួងស្ថាប័នរៀបចំប្រារព្ធទិវាជាតិអំណានឲ្យមានភាពអធឹកអធម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖

រាជរដ្ឋាភិបាលកម្ពុជាចេញសារាចរណែនាំដល់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យចូលរួមប្រារព្ធទិវាជាតិអំណាននៅថ្ងៃទី១១ ខែមីនាខាងមុខ ឲ្យប្រព្រឹត្តទៅឲ្យបានល្អ អធឹកអធម
ជាងឆ្នាំមុនៗ។
យោងតាមសារាចរណែនាំរបស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែមីនានេះ ក្នុងគោលបំណងបណ្តុះទំលាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារនិងពង្រឹងវប្បធម៌និងអរិយធម៌ខ្មែរ។
ដើម្បីប្រារព្ធទិវាជាតិអំណានឲ្យបានល្អ អធិកអធម មានប្រសិទ្ធភាព និងមានការចូលរួមពីគ្រប់មជ្ឍដ្ឋាន រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការជាគ្នាឲ្យបានល្អហើយអនុវត្តទៅតាមជំនាញរៀងៗខ្លួន។
សារាចរណ៍បានបន្តថា នៅក្នុងទិវាអំណាននេះ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវកំណត់ប្រធានបទ ពាក្យស្លោក និងពាក្យអប់រំសម្រាប់ប្រារព្ធទិវាជាតិអំណានប្រចាំឆ្នាំ និងត្រូវកៀរគរការចូលរួមទាំងផ្នែកស្មារតី បច្ចេកទេសហិរញ្ញវត្ថុ និងសម្ភារៈ ពីដៃគូអភិវឌ្ឍន៍ អង្គការជាតិ អង្គការអន្តរជាតិ និងសប្បុរសជននានា។
ជាមួយគ្នានេះដែរនៅក្នុងកម្មវិធីនោះ ក៏ត្រូវរៀបចំការប្រកួតប្រជែងអាន ស្មូតកំណាព្យ តែងនិពន្ធ និងសកម្មភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដើម្បីអបអរសាទរការប្រារព្ធទិវាជាតិអំណានឲ្យកាន់តែទូលំទូលាយនិងជោគជ័យជាបន្តបន្ទាប់។