ក្រសួងព័ត៌មានផលិតសៀវភៅស្តីពីសមិទ្ធិផល៧មករាដើម្បីបង្ហាញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា​៖ ដោយ លោកស្រី ប៉ុង សុភាវី ៖ក្រសួងព័ត៌មានផលិតសៀវភៅស្តីពីសមិទ្ធិផល៧មករាដើម្បីផ្សព្វផ្សាយជាសាធារណៈឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានជ្រួតជ្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងជាតិចាប់ពីបាតដៃទទេ រហូតដល់ប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត សប្បាយរុងរឿង។


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា សៀវភៅស្តីពីសមិទ្ធិផល៧មករានេះ គឺផលិតឡើងដោយក្រុមការងារនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKPដោយបានរៀបរាប់ពីប្រវត្តិតស៊ូ និងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ រហូតធ្វើឲ្យកម្ពុជាទទួលបានជ័យជម្នះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយបន្តកសាងជាតិឲ្យមានការអភិវឌ្ឍគ្រប់វិស័យរហូត មកដល់សព្វថ្ងៃនេះ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងដូច្នេះក្នុងឱកាសអនុញ្ញាតអោយក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ដឹកនាំដោយលោក សាត សុផល អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីលទ្ធផលនៃការតាក់តែងសៀវភៅស្តីពី សមិទ្ធិផល៧មករា។


ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរដល់ក្រុមការងារ របស់ទី ភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលបានខិតខំធ្វើការស្រាវជ្រាវឯកសារសំខាន់ៗ តាំងពីមុនៗមក ហើយចងក្រង បោះពុម្ពជាសៀវភៅ ដ៏មានសារះសំខាន់ ពិសេសបានយល់ដឹងពីប្រវត្តិពិតនៃថ្ងៃ៧មករា ។
លោក សាត សុផល អគ្គនាយករង អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ទទួលបន្ទុកទស្សនាវដ្តីកម្ពុជា បានអោយដឹងថា សៀវភៅ ស្តីពីសមិទ្ធផលជាតិសំខាន់ៗរយះពេល៤០ឆ្នាំនេះ បានធ្វើការបោះពុម្ព ចំនួន២ពាន់ក្បាល ហើយសៀវភៅនេះផ្តោតទៅលើប្រសាសន៏សំខាន់ៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ខួបអនុស្សាវរីយ៏លើកទី៤០ ទិវាជ័យជំនះ៧មករា ១៩៧៩ ២០១៩ ដែលរំលេចពីការផ្លាស់ប្តូរដ៏ធំធេង របស់ប្រទេសជាតិក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។


លោកថា ការបោះពុម្ពជាសៀវភៅនេះឡើង ក្នុងគោលបំណង ជួយអោយ អ្នកអាន បានស្វែងយល់ និងជ្រួតជ្រាបមន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែង ការតស៊ូ និងការលះបង់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដោយបានផ្លាស់ប្តូរមុខមាត់កម្ពុជា ពីវាលពិឃាត និងខ្ទេចខ្ទីស្ទើរទាំងស្រុង ដោយសារសង្គ្រាមរ៉ាំរ៉ៃ ទៅជាប្រទេសដែលមានសន្តិភាព សេរីភាព ការអភិវឌ្ឍ លើគ្រប់វិស័យ។
សូមបញ្ជាក់ថា សៀវភៅស្តីពីសមិទ្ធិផល៧មករាដែលបានបោះពុម្ភជាង២ពាន់ក្បាលនេះនិងយកដាក់នៅបណ្ណាល័យ និងចែកដល់មន្ទីរព័ត៌មាន និងតាមបណ្តាខេត្ត ក្រុងទុកសិក្សា ស្វែងយល់ទាំងអស់គ្នា ៕