អាជ្ញាធរភ្នំពេញដាក់ឱសានវាទដល់ម្ចាស់ រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗឲ្យ ផ្លាស់ប្ដូរទីតាំងទៅតំបន់ជាយក្រុងឲ្យអស់នៅត្រឹមឆ្នាំ២០២១

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ៖


រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱសានវាទដល់ម្ចាស់រោងចក្រ សហគ្រាសឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងស្ថិតនៅតំបន់ទីប្រជុំជន ក្នុងរាជធានីនៅភ្នំពេញទាំងអស់ត្រូវរៀបចំផ្លាស់ប្ដូរអាជីវកម្មរបស់ខ្លួនទៅតំបន់ជាយក្រុងឲ្យអស់នៅត្រឹមឆ្នាំ២០២១ ។

 

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩បានឲ្យដឹងថា ដើម្បីឲ្យរាជធានីភ្នំពេញរក្សាបានសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ជៀសបានការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាសឃ្លាំងស្តុកទំនិញ និងយានដ្ឋាន ជួសជុលរថយន្តធំៗ ត្រូវផ្លាស់ប្ដូរអាជីវកម្មឲ្យបានមុនឆ្នាំ២០២១។

សេចក្ដីជូនដំណឹងបន្តថា រោងចក្រ សហគ្រាសឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗនឹងត្រូវផ្លាស់ប្ដូរឲ្យទៅស្ថិតនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រ លេខ១៤+១០៥ ទៅភ្ជាប់ផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិខេច៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់ផ្លូវ ក្រវ៉ាត់ក្រុងទី៣ និងរួចរាល់នៅឆ្នាំ២០២១ ខាងមុខ។

ក្រោយផ្លូវក្រវ៉ាត់ក្រុងទី៣ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតិឲ្យចរាចរចូលទៀតឡើយ៕