កម្ពុជា-ឡាវ ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្ដិការបន្ថែមទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា ៖

រាជរដ្ឋាភិបាលកម្ពុជា-ឡាវ បានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរបន្ថែមទៀតលើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជនទំាងសងខាង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា – ឡាវនឹងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញលើកកម្ពស់កិច្ចការអភិវឌ្ឍនានានៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទំាង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង ខណៈបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះនៅជួបបញ្ហាក្រីក្រក្នុងជីវភាពប្រចាំថ្ងៃ។
លោក សុខ សុរ័ត្នវឌ្ឍនៈទីប្រឹក្សារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រាប់អ្នកសារព័ត៌មានអោយដឹងថា ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីដូច្នេះគឺស្ថិតក្នុងជំនួបពិភាក្សាការងារទ្វេរភាគីរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតឡាវតែងតាំងថ្មីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈនេះ។
លោក សុខ សុរ័ត្នវឌ្ឍនៈបន្ដថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរុញការបោះបង្គោលព្រំដែនកម្ពុជា-ឡាវអោយសម្រេច បាន១០០ភាគរយនៅពេលឆាប់ៗនេះ បន្ទាប់ពីរប្រទេសទាំងពីរបានបោះបង្គោលសម្រេចបានជាង៨៥ភាគរយហើយ ។ សំឡេង«លោក សុខ សុរ័ត្នវឌ្ឍនៈ ថាឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីបញ្ហាព្រំដែននៃប្រទេសយើងទាំង២ យើងត្រូវខិតខំធ្វើយ៉ាងណាសម្រេចអោយបាន១០០% ដើម្បីធ្វើ អោយព្រំដែន កម្ពុជា-ឡាវ ក្លាយទៅជាព្រំដែន សន្ដិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោក សុខ សុរ័ត្នវឌ្ឍនៈបានបញ្ជាក់ទៀតថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានលើកឡើងអំពីទំនាក់ ទំនងដ៏ល្អរវាង ប្រទេសទាំងពីរ កម្ពុជា ឡាវ ពុំដែលមានបញ្ហាជាមួយគ្នានោះទេ ហើយត្រូវធ្វើយ៉ាងណាអោយមានការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេសទេសចរ និងទំនិញជាដើម។
ឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតឡាវតែងតាំងថ្មីប្រចាំនៅកម្ពុជា បានសម្តែងការគាំទ្រចំពោះ ការលើកឡើងរបស់ឯកត្តមឧបនាយកនាយករដ្ឋមន្រ្តីហោណាំហុង ក្នុងគោលដៅរឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទំាងសងខាង។
ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ ក៏បានបង្ហាញពីភាពរីករាយដោយបានឃើញពីការរីកចម្រើនយ៉ាងអស្ចារ្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រោមការដឹងនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕