ឯកឧត្តម វេង សាខុន ៖ រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព

វិទ្យុជាតិកម្ពុជា៖ហោ សេងគ្រី៖


រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់វិស័យកសិកម្មជាវិស័យអាទិភាព ព្រោះវិស័យនេះបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ពិសេសផ្ដល់នូវប្រភពស្បៀងអាហារសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមចម្បងសម្រាប់ការអភិវឌ្ឍផ្នែកកសិ-ឧស្សាហកម្ម និងជាប្រភពចំណូលជាតិដ៏សំខាន់ ដែលទទួលបានពីការធ្វើពិពិធភាវូបនីយកម្មកសិកម្ម និងការនាំចេញផលិតផលកសិកម្មចូលទៅក្នុងទីផ្សារជាតិ និងអន្ដរជាតិ។ ក្នុងនោះមានអនុវិស័យសំខាន់ៗមួយចំនួន ដួចជាទី១- អនុវិស័យផលិតកម្មកសិកម្ម (ដំណាំស្រូវ ដំណាំកសិ-ឧស្សាហកម្ម បន្លែ និងឈើហូបផ្លែ។ល។) ទី២- អនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ទី៣- អនុវិស័យជលផល ទី៤- អនុវិស័យព្រៃឈើ និងទី៥- អនុវិស័យកៅស៊ូ។


ក្នុងវេទិកាសាធារណៈ ស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា អនុវិស័យទាំងអស់នេះបាននិងកំពុង ធ្វើការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការក្នុងស្រុក ទៅជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ ។ជាក់ស្តែងក្នុងឆ្នាំ២០១៨ កម្ពុជាផលិតស្រូវបាន ១០លាន,៨ សែនតោន ហើយបានធ្វើការនាំចេញអង្ករ ៦២៦ពាន់តោន ចេកអំបូងលឿងជាង ១ម៉ឺនតោន ស្វាយកែរមៀតប្រមាណជាង ១ម៉ឺនតោន ហើយថ្មីៗនេះកម្ពុជាបាននាំចេញបន្លែស្រស់ទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានជាង ៣៣តោន ដែលនេះជាមោទនភាពនៃការសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងក្នុងការជំរុញកំណើនផលិតកម្មកសិកម្មក្នុងស្រុក ជំរុញការនាំចេញ លើកកម្ពស់សក្តានុពលក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តម បន្តថាសព្វថ្ងៃនេះ ការអនុវត្តផលិតកម្មកសិកម្មត្រូវបានផ្លាស់ប្តូរពីការប្រើសត្វពាហនៈ មកការប្រើគ្រឿងយន្តកសិកម្មវិញ ការប្រើប្រព័ន្ធដំណក់ទឹក និងផ្ទះសំណាញ់ក្នុងផលិតកម្មបន្លែ ហើយប្រជាកសិករបានក្លាយជាកសិពាណិជ្ជករ សហគមន៍កសិកម្មកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចសង្គមជនបទកម្ពុជា មានស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បាននិងកំពុងផ្ដល់សេវាកម្មបច្ចេកទេសថ្មីៗ និងជំនាញទីផ្សារដល់អ្នកផលិតយ៉ាងសកម្ម រីឯវិធានការពង្រីក និងទំនើបកម្មសហគ្រាសកសិកម្មធុនតូច និងមធ្យមក៏ត្រូវបានលើកកម្ពស់ ក្រុមហ៊ុនឯកជនបានខិតខំកែច្នៃកសិផល។ ក្រសួងបាននិងកំពុងបន្តផ្សព្វផ្សាយពូជដំណាំមានផលិតភាពខ្ពស់ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការបង្កាត់ពូជសិប្បនិម្មិត ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែសង្វាក់ ផលិតកម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយសក្ដានុពលសម្រាប់លើកកម្ពស់ការនាំចេញ៕