អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គ្រោងនឹងពង្រីកប្រព័ន្ធ E-gates នៅតាម ច្រកព្រំដែនអន្ដរជាតិនៅពេលខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ -បន្ទាប់ពីបានដាក់ឱ្យដំណើរការប្រព័ន្ធ E-gates នៅតាម​ព្រលាន​យន្ត​ហោះ​ភ្នំពេញ និងខេត្ដ សៀមរាបហើយនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏គម្រោងនឹងពង្រីកប្រព័ន្ធនេះ ឱ្យបាន កាន់តែច្រើនថែមទៀត នៅតាមច្រកទ្វារព្រំដែនអន្ដរជាតិ ដែល​មាន​អ្នកដំណើរចេញ-ចូល ច្រើន។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងអ្នកនាំពាក្យនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា​ AKP ឱ្យដឹងនៅព្រឹក​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការពង្រីកប្រព័ន្ធ E-gate នេះ គឺក្នុងគោលបំណង​ដើម្បី សម្រួលការចេញ-ចូលរបស់ប្រជាពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេស និងចូលមកក្នុងប្រទេស វិញ។ ឯកឧត្តមបានលើកឡើងថា ប្រព័ន្ធខាងលើនេះ ពិតជាបានសម្រួលដល់ការធ្វើ ដំណើរ របស់ប្រជាពលរដ្ឋកម្ពុជាដែលចេញទៅក្រៅប្រទេស និងត្រឡប់ចូលមកក្នុងប្រទេសវិញ ដោយមិនរង់ចាំឈរតម្រាបគ្នាជាជួរយូរជាមួយភ្ញៀវបរទេស។ ឯកឧត្តម នាយកឧត្តមសេនីយ៍ បានអះអាងថា ជាក់ស្តែងការបើកដាក់ឱ្យដំណើរការប្រព័ន្ធ E-gate នេះ នៅព្រលានយន្ត​ហោះអ​ន្តរជាតិភ្នំពេញ និងខេត្ដសៀមរាប កាលពីដើមខែកុម្ភៈកន្លងមកនេះ ឃើញថា បាន​ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេស និងត្រឡប់ ចូលមកក្នុងប្រទេសវិញ។ ប៉ុន្តែវិញដែលគួរឱ្យកត់សម្គាល់នោះ គឺប្រព័ន្ធមួយនេះ មានការ លំបាកបន្តិចបន្តួចដែរចំពោះប្រជាពលរដ្ឋដែលមានវ័យចំណាស់ ដោយពួកគាត់មិនទាន់ចេះ ប្រើប្រាស់ប្រព័ន្ធមួយនេះ ដែលខុសពីប្រជាពលរដ្ឋវ័យក្មេង។

សូមរម្លឹកថា ប្រព័ន្ធ E-gateនេះ ត្រូវបានបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក ហើយប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យដំណើរនៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គ​នាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ប្រព័ន្ធនេះ ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ កម្ពុជា ដោយពួកគាត់ចំណាយពេលតិច​ លឿនរហ័ស នៅពេលធ្វើដំណើរឆ្លងកាត់ចេញ-ចូល។ ទន្ទឹមនេះ ចំពោះអ្នកដែលប្រើលិខិតឆ្លងដែន (E-passport) អាចចូលទៅប្រើម៉ាស៊ីន​នេះតែម្តង ដោយដាក់លិខិតឆ្លងដែន ដែលមានការណែនាំនៅលើហ្នឹង ហើយពេលដាក់​លិខិត​ឆ្លងដែនហើយត្រូវផ្តិតមេដៃ។ បើសិនទទួលស្គាល់ថា ក្រយ៉ៅដៃ​ និងលិខិតឆ្លងដែន របស់គាត់ ត្រឹមត្រូវហើយ ទ្វារនឹងបើកឱ្យយើងដំណើរការចេញ-ចូលបាន៕

ដោយ ចាន់ សុធីវង្ស