ជប៉ុនផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការជាង៤៥លានដុល្លារអាម៉េរិក សម្រាប់គម្រោងចំនួនពីរដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ -រដ្ឋាភិបាលជប៉ុនតាមរយៈឯកឧត្តមYuichi SUGANO ប្រធានទីភ្នាក់ងារសហប្រតិបតិ្តការ អន្តរជាតិនៃប្រទេសជប៉ុន(JICA) បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់គម្រោងចំនួនពីរក្នុងទឹកសរុបប្រមាណ ៤៥.៣០លានដុល្លារអាម៉េរិក។ គម្រោងទាំងពីរដែលចុះហត្ថលេខានេះ គឺធ្វើឡើងកាលពី ទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩  គឺទី១. ហិរញ្ញប្បទានឥតសំណងចំនួន.១៣៤០លានយ៉េន ស្មើប្រមាណ១១.៨លានដុល្លារអាម៉េរិក សម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនីនៅ កំពង់ផែដើម្បីការធ្វើទំនើបកម្មកំពង់ផែ។

គម្រោងនេះ មានទិសដៅធ្វើបច្ចុប្បភាព និងទំនើប កម្មលើប្រព័ន្ធចាំបាច់នានាសម្រាប់ការផ្លាស់ប្តូរទិន្នន័យឌីជីថលDigital ទៅលើការស្នើសុំ និង ការផ្តល់ព័ត៌មានជាដើមទៅកាន់អ្នកគ្រប់គ្រងកំពង់ផែដែលគ្រោងនឹងរៀបចំសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តរាជធានីភ្នំពេញ។ តាមរយៈវិសាលភាពនេះ នីតិវិធី សម្រាប់ការចេញ-ចូលកំពង់ផែរបស់នាវានឹងប្តូរមកប្រើប្រាស់តាមទិន្នន័យឌីជីថល (Digital) ហើយការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធLogistic និងទំនើបកម្មនៃរដ្ឋបាលកំពង់ ផែនឹងត្រូវបាន អនុវត្តន៍។ ចំណែកឯគម្រោងទី២. ឥណទានសម្បទានចំនួន ៣.៥៩៩ លានយ៉េនប្រមាណ ៣៣.៥ លានដុល្លារអាម៉េរិកសម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធ ដោះទឹកខាងលិចទន្លេសាបជំហានទី២។ គម្រោងនេះ មានទិសដៅសាងសង់ និងជួសជុល ប្រព័ន្ធធារាសាស្ត្រ ដែលនឹងអាចស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណ ១២.៧៦០ ហិកតា។ តាមរយៈគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំបង្កើតនិងពង្រឹងសហគមន៍ កសិករប្រើប្រាស់ទឹក និងផ្សព្វផ្សាយស្តីពីការគ្រប់គ្រងកសិកម្ម នៅតាមតំបន់ជនបទចំនួន៦ អនុគម្រោងនៃខេត្តចំនួន៣នៅភាគខាងលិចបឹងទន្លេសាបរួមមានអនុគម្រោងលំហាចខេត្ត កំពង់ឆ្នាំង អនុគម្រោងដំណាក់អំពិលអនុគម្រោងវត្តល្លូង និងអនុគម្រោងវត្តជ្រៃ ខេត្តពោធិ៍ សាត់ អនុគម្រោងរៀមគុន និងអនុគម្រោងប្រឡាយពោធិ៍ ខេត្តបាត់ដំបងជាដើម។ គម្រោង នេះនឹងរួមចំណែកផងដែរ ក្នុងការបង្កើនផលិតកម្មកសិកម្មយ៉ាងខ្លាំង ក្នុងតំបន់គោលដៅ និង បង្កើតវិស័យទេសចរណ៍ធម្មជាតិ ដែលជាកត្តាជួយធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅ តាមជនបទកាន់តែខ្លាំង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការផ្តល់ហិរញ្ញ ប្បទានដល់គម្រោង ទាំងពីរខាងលើនេះគឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តី ត្រូវ ការជាអាទិភាពក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានដែលស្របទៅ នឹងមុំទី១នៃ ចតុកោណទី២និងវិស័យធារាសាស្រ្តកសិកម្មដែលស្របទៅនឹងមុំទី១ នៃចតុកោណទី៤ មាន ចែងក្នុង ឯកសារយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទាន ទាំងពីរដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះគឺជាឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិត​ប្តូរសារ ដែលទើបត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ រវាង​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចនាំឱ្យឈានទៅដល់ ការអនុវត្តនីតិវិធីបន្តបន្ទាប់ទៀតសម្រាប់ការអនុវត្ត គម្រោង ជាក់ស្តែង។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ដ្រី ក៏បានរម្លឹកឡើងវិញថា រាប់ទាំង កិច្ចព្រមព្រៀងទាំងពីរនេះ ក្នុងឆ្នាំសារពើពន្ធជប៉ុន២០១៨ រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខា លើឯកសារសី្តពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ជាមួយរាជរដ្ឋាភិបាល កម្ពុជាសរុបចំនួន១៤.៤៩៧លានយ៉េន ប្រមាណជា១៣២.២៧លានដុល្លារអាម៉េរិក ក្នុងនោះ​ជំនួយឥតសំណងប្រមាណ១៤.៩១លានដុល្លារអាម៉េរិក និងឥណទានសម្បទានប្រមាណ ១១៧.៣៦លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក​រដ្ឋមន្ដ្រី បានសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រ និងបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា រួមចំណែក ដល់ការអភិវឌ្ឍ​ប្រទេស​កម្ពុជា៕

ដោយ គង់ សិរីរ័ត្ន