ទីប្រឹក្សាលោក ត្រាំ ធ្វើទស្សនកិច្ចបណ្តារដ្ឋឈូងសមុទ្រ នៅមុនបង្ហើបឱ្យដឹងផែនការសន្តិភាពមជ្ឈិមបូព៌ា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ — ស្ថានទូតអាម៉េរិកក្នុងទីក្រុងអាប៊ុយ ដាប៊ី បាននិយាយពីថ្ងៃអង្គារថា ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានា- ធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លោក ហ្សារ៉េដ គូស្ន័រ ( Jared Kushner )  កំពុងធ្វើទស្សនកិច្ចតំបន់ឈូងសមុទ្រ ដើម្បីស្វែងរកការគាំទ្រសម្រាប់ផែនការសន្តិភាព ដែលអាម៉េរិកបានស្នើសម្រាប់មជ្ឈិមបូព៌ា ។

ស្ថានទូតអាម៉េរិកនៅទីក្រុងអាប៊ុយដាប៊ី បាននិយាយថា អមដំណើរដោយលោក ហ្សាសុន ហ្គ្រីនប្លាត ( Jason Greenblatt  ) បេសកជនមជ្ឈិមបូព៌ា អាម៉េរិកនោះមន្ត្រីទាំង២រូបបានធ្វើទស្សនកិច្ចប្រទេសអេមីរ៉េត អារ៉ាប់រួម ( UAE )​ ហើយនឹងបន្តទស្សនកិច្ចរបស់ពួកគេទៅកាន់ប្រទេសបារ៉ែន , អូម៉ង់ និងកាតា ។

លោក គូស្ន័រ និង លោក ហ្គ្រីនប្លាត បានធ្វើកិច្ចចរចាជាមួយ ព្រះអង្គម្ចាស់រាជទាយាទ របស់អាប៊ុយដាប៊ី សេកម៉ូហាមម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន កាលពីថ្ងៃចន្ទ ។

លោក គូស្ន័រ​ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ SKY News Arabia   ថា យើងចង់បានដំបូន្មានពីពួកគេ ( ប្រទេសក្នុងតំបន់នេះ ) អំពីអ្វីដែលជាមធ្យោបាយដ៏ប្រសើរបំផុត ដើម្បីបន្តដំណើរការ និងចែករំលែកជាមួយពួកគេនូវសេចក្តីលំអិតខ្លះ សម្រាប់អ្វីដែលយើងនឹងតាមរកជាពិសេសលើទស្សនសេដ្ឋកិច្ចសម្រាប់ឱកាសទាំងអស់ដែលមានប្រសិនបើមានសន្តិភាព ។

ផែនការចុងក្រោយគេរំពឹងថា នឹងត្រូវគេបង្ហើបឱ្យដឹងបន្ទាប់ពីការបោះឆ្នោតនៅអ៊ីស្រាអែលក្នុងខែ មេសា ។ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ ( Mahmoud Abbas )  បានបដិសេធមិនធ្វើការ ពិភាក្សាគ្នាពីផែនការសន្តិភាពណាមួយជាមួយអាម៉េរិកនៅក្នុងខណៈដែលលោក ត្រាំ ទទួលស្គាល់ហ្សេរុយសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីក្នុងខែធ្នូ ឆ្នាំ ២០១៧ ។ ពួកប៉ាឡេស្ទីនចង់បានផ្នែកខាងកើតនៃទីក្រុងនេះ ធ្វើជារដ្ឋធានីរបស់ខ្លួនសម្រាប់រដ្ឋឯករាជ្យ នាពេលអនាគតរបស់ពួកគេ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )