កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចនឹងឃើញនូវកិច្ចព្រមព្រៀងដ៏ធំមួយ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩​ — នាយកនៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រអាស៊ី​ នៅវិទ្យាស្ថានសេដ្ឋកិច្ចនៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី លោក Georgy Toloraya បានសម្តែងនូវសុទិដ្ឋិនិយមរបស់លោកអំពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលរវាង កូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយលោកបាននិយាយថា កិច្ចព្រមព្រៀងមួយអាចសម្រេចបានក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។

នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកបាននិយាយថា សេចក្តីថ្លែងការណ៍រួមមួយត្រូវបានគេព្រាង ហើយកិច្ចចរចាលើបញ្ហានេះនឹងប្រព្រឹត្តទៅនៅមុនពេលកិច្ចប្រជុំកំពូលនេះ។ សហរដ្ឋអាមេរិកបានបង្ហាញលទ្ធភាពនៃសេចក្តីថ្លែងការណ៍មួយដែលប្រកាសអំពីការបញ្ចប់សង្គ្រាម   កូរ៉េ។

លើសពីនេះទៀត សហរដ្ឋអាមេរិកបានស្នើសុំឱ្យមានវិធានការដែលអាចផ្ទៀងផ្ទាត់បាននៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែមានសញ្ញាថា វិធានការនេះអាចត្រូវបានចាប់ផ្តើមជាជំហានៗ។

សហរដ្ឋអាមេរិកក៏បានបង្ហាញអំពីការត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចពិភាក្សាសម្រាប់ការបង្កើតភ្នាក់ងារទំនាក់ទំនងដែលត្រូវបានលើកឡើងជាង ២០ឆ្នាំកន្លងទៅ តាំងពីអាណត្តិប្រធានាធិបតីអាម៉េរិក លោក Bill Clinton មកម៉្លេះ។ ប្រសិនបើកិច្ចពិភាក្សានេះទទួលបានជោគជ័យ នោះវានឹងក្លាយជាបណ្តាញទំនាក់ទំនងដោយផ្ទាល់ជាលើកដំបូងរវាងប្រទេសទាំងពីរ។

ថ្លែងអំពីកិច្ចប្រជុំកំពូលលើកទី២ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនេះ លោកបាននិយាយថា    តួនាទីរបស់វៀតណាមត្រូវបានពង្រឹងដោយមានការចូលរួមយ៉ាងសកម្មនៅក្នុងបញ្ហាអន្តរជាតិ។ លោកបានសម្តែងនូវជំនឿថា អង្គភាពរៀបចំកិច្ចប្រជុំកំពូលនេះរបស់វៀតណាមនឹងបំពេញបាននូវតម្រូវការរបស់ភាគីដែលពាក់ព័ន្ធ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)