ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍«សបា្តហ៍បារំាង»ជាលើកទី២នៅក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ -ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍«សបា្តហ៍បារំាង»ជាលើកទី២នៅក្រុងសៀមរាប នៅ​ដើមខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបង្ហាញឱ្យ​ឃើញពីចំណងមិត្ត​ភាព​នៃ​ប្រទេសទំាង​ពីរ បារំាង-កម្ពុជា ឱ្យកាន់​តែ​ល្អ​ប្រសើរបន្ថែមទៀត។

នៅ​ក្នុង​សន្និសីទសារព័ត៌មានស្តីពីការ​រៀបចំព្រឹត្តិការណ៍ «សបា្តហ៍បារំាង» ជាលើកទី២នៅក្រុងសៀមរាបកាល​ពី​រសៀលថ្ងៃអង្គារ ៧រោច ខែមាឃ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហួត តារា សមាជិកគណៈកម្មាធិការរៀបចំសប្តាហ៍បារាំង មានប្រសាសន៍ថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ដោយមានការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា និងគណៈកម្មាធិការរៀបចំសបា្តហ៍បារំាង នឹងប្រារព្ធព្រឹត្តិការ ណ៍«សបា្តហ៍បារំាង»ជាលើកទី២នៅក្រុងសៀមរាប ចាប់ពីថ្ងៃទី៧ ដល់១០ ខែមីនា ឆ្នំា២០១៩ ដើម្បីផ្សព្វផ្សាយអំពីជំនាញរបស់ក្រុមហ៊ុនបារាំងនៅកម្ពុជា និងបង្ហាញពីវប្បធម៌ សិល្បៈ សិប្បកម្មខ្មែរ ឱ្យសាធារណជនក្នុងស្រុក និងភ្ញៀវអន្តរជាតិនានាបានស្គាល់។

លោកបន្តថា ព្រឹត្តិការណ៍នេះ នឹងត្រូវបើកសម្ពោធជាផ្លូវការដោយលោកជំទាវ អ៊ីវ៉ា     ង្វៀន ប៊ិញ( EVA NGAUYEN BINH) ឯកអគ្គរដ្ឋទូតបារំាងប្រចាំកម្ពុជា ដោយមាន​ការសាងសង់ឡើង«ភូមិបារាំងមួយ»នៅក្នុងបរិវេណមហាសណ្ឋាគារអង្គរ (Raffles Grand Hôtel d’Angkor)។ នៅក្នុងរយៈពេល៤ថ្ងៃចាប់ពីម៉ោង៣រសៀលដល់ម៉ោង៩យប់។ នៅក្នុង​ព្រឹត្តិការណ៍នេះ មានក្រុមហ៊ុន និងអង្គការបារាំងនានាប្រមាណចំនួន៧០នឹងធ្វើការបង្ហាញជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប និងភ្ញៀវទេសចរ អំពីចំណេះធ្វើ​របស់សហគ្រិនបារាំង លាយផ្សំជាមួយចំណេះធ្វើ  សិប្បកម្ម ប្រពៃណី និងវត្ថុធាតុដើមរបស់ខ្មែរ ជាដើម។

ក្រៅពីនេះកម្មវិធីជាច្រើនទៀតនឹងត្រូវបង្ហាញដល់សាធារណជន ដូចជា វប្បធម៌បាំរាំង- កម្ពុជាការបង្ហាញម៉ូតសម្លៀកបំពាក់ចៃ្នដោយផលិតករក្នុងស្រុក ការប្រាព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ការដាក់បញ្ចាំងភាពយន្តអប់រំផ្សេងៗ ការសម្តែងរបាំសហសម័យដោយក្រុមសិល្ប:ខ្មែរ ការប្រួតប្រជែងចម្លាក់សូន្យរូប ជាពិសេសផ្តល់ឱកាសឱ្យពាណិជ្ជករកម្ពុជា-បារាំង​បាន​ ជួបទំនាក់ទំនងគ្នា។

លោកបាន​បញ្ជាក់ថា ប្រទេសកម្ពុជា និង​បារំាង​ គឺជា​ប្រទេសមិត្តភាព​ជា​មួយគ្នាយូរមកហើយ ការរៀបចំព្រឹត្តិការណ៍ «សបា្តហ៍បារំាង» ជាលើកទី២នៅក្រុងសៀមរាប ក៏ជាចំណែក​មួយក្នុង​​ការ​ធ្វើ​ឱ្យ​ចំណងមិត្ត​ភាព​នៃ​ប្រទេសទំាង​ពីរកាន់​តែ​ល្អ​ប្រសើរផង​ដែរ៕

ដោយ ឃុត សៅ