អ្នកចូលរួមប្រមាណ ៤០០នាក់ពិភាក្សា ផ្លាស់ប្តូរ បទពិសោធន៍លើការងារវិស័យកសិកម្ម

វិទ្យុជាតិកម្ពុជា៖ លោកហោ សេងគ្រី

វេទិកាសាធារណៈដ៏សំខាន់មួយស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់មកពីក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិនិងក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍនានា។


វេទិកាសាធារណៈដែលរៀចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះមានគោលបំណង បង្កើតឱកាសឲ្យសមាជិក សមាជិកាបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរ ឬចែករំលែកបទពិសោធន៍ ត្រួតពិនិត្យ តាមដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈមនានាដែលបាននិងកំពុងជួបប្រទះក្នុងការអនុវត្តការងារវិស័យកសិកម្មកន្លងមក និងនៅចុងបញ្ចប់នៃវេទិកាសមាជិកអាចយកបទពិសោធន៍ល្អ យន្តការនៃការដោះស្រាយបញ្ហាជាប្រព័ន្ធ ជារបៀប តាមលក្ខណៈបច្ចេកទេស និងតាមនីតិវិធីច្បាប់ត្រឹមត្រូវ ច្បាស់លាស់ ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។


វេទិកាសាធារណៈដែលស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះ សមាជិក សមាជិកា បានចែលរំលែកបទពិសោធន៍ ចោទសួរ ផ្តល់ចម្លើយ និងសំណូមពរយ៉ាងក្បោះក្បាយទាក់ទងនឹងប្រធានបទទី១- ការនាំចូលគ្រឿងបន្លាស់គ្រឿងយន្តកសិកម្មជាប់ពន្ធ ទី២- បញ្ហារាំងសម្ងួតគ្រាប់ធញ្ញជាតិ និងបញ្ហាតម្លៃអគ្គីសនី ទី៣- ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទី៤- បញ្ហាបែបបទនីតិវិធីរដ្ឋបាល និងនីតិវិធីច្បាប់ក្នុងការនាំចេញផលិតផលកសិកម្ម ជាពិសេសការចេញវិញ្ញាបណ្ណបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ទី៥- វិធានការការពារគុណភាពដី ទី៦- ច្បាប់ស្តីពីព្រៃឈើ ការធ្វើអាជីវកម្ម និងការដាំឈើឧស្សាហកម្ម ទី៧- វិស័យផលិតកម្មសត្វ សុខភាពសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វិច និងទី៨- វិស័យជនផល វារីវប្បកម្ម បទល្មើសនេសាទ និងវិធានការ៕