ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ជំរុញ ដល់ មន្ត្រី ប្រើប្រាស់ប័ណ្ណ បសស អោយទៅទទួលសេវាថែទាំសុខភាព ដោយឥតបង់ថ្លៃ

វិទ្យុជាតិកម្ពុជា៖លោក ចិន​ សារាត់ ខេត្តកំពង់ចាម
កំពង់ចាម៖ ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានជំរុញ ដល់មន្ត្រីរាជការដែលបានប្រើប្រាស់ប័ណ្ណ បេឡាជាតិ​របបសន្តិសុខសង្គមហៅកាត់ថា បសស ត្រូវទៅទទួលយកសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.សដោយឥតបង់ថ្លៃរួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្ត បេឡាជាតិរបបសន្តិសុខសង្គម និងផ្ដល់ប័ណ្ណ ប.ស.ស ចំនួន ៤៥ប័ណ្ណ ជូនដល់មន្ត្រីរាជការមន្ទីរព័ត៌មានខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះឯកឧត្ដម ជា ក្រូច ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាមបាន គូសបញ្ជាក់ថា ចាប់តាំងពីដំណាក់កាលដំបូង រហូត ដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ ទៅលើសកម្មភាពគាំពារសង្គម ក្នុងគោល​បំណង​កសាងធនធានមនុស្ស និងលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋគ្រប់ៗរូប និងការដាក់ឲ្យ​ដំណើរការ​នូវប្រព័ន្ធទ្រទ្រង់ ផ្នែកគោលនយោបាយសង្គមកិច្ច ជាបន្តបន្ទាប់ ជាពិសេស ដាក់ចេញនូវ ក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម (២០១៦-២០២៥) ដែលជាផែនទីបង្ហាញផ្លូវ រយៈពេលវែង។ ប្រព័ន្ធគាំពារសង្គមនេះបានផ្តោតទៅលើ សសរស្តម្ភ សំខាន់ៗចំនួន ២ គឺ ៖ ប្រព័ន្ធ ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ។

ប្រធានមន្ទីរព័ត៌មាន​ខេត្ត បានប្រគល់ប័ណ្ណសមាជិក ប.ស.ស សរុបចំនួន ៤៥ប័ណ្ណ ជូនដល់មន្រ្តីរាជការដែល​កំពុងបម្រើការ​ងារ នៅមន្ទីរព័ត៌មានខេត្ត និងមន្ត្រី ចំនួន៣១រូបទៀត ដែលពុំទាន់បានទទួលប័ណ្ណ បសស នឹងទទួលបាន នាពេលខាងមុខនេះ ផងដែរ ៕