អាល្លឺម៉ង់ នឹងជួយលើកកម្ពស់ការអភិវឌ្ឍកម្ពុជាជាបន្តទៀត

វិទ្យុជាតិកម្ពុ៖ អត្ថបទដោយលោក ជួន បូណា

ភ្នំពេញ៖រដ្ឋាភិបាលអាល្លឺម៉ង់ នឹងជួយលើកកម្ពស់ការអភិវឌ្ឍកម្ពុជាជាបន្តទៀត ដើម្បីលើកស្ទួយដល់ជីវភាព​រស់នៅរបស់ប្រជាលពលរដ្ឋកម្ពុជា។

ឯកឧត្តម ណូប៊ត បាតល័រ (Norbert BARTHLE) សមាជិកសភា និងជារដ្ឋលេខាធិការ ក្រសួងសហប្រតិបត្តិការ​សហព័ន្ធអាលឺម៉្លង់ មានប្រសាសន៍ថា រដ្ឋាភិបាលអាល្លឺម៉ង់ មានបំណងចូលរួម​ក្នុងកិច្ចការអភិវឌ្ឍ​កម្ពុជាជា​បន្តទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសការបន្ថែមនូវសមិទ្ធផលថ្មីៗទៀត ដូចដែលអាល្លឺម៉ងបានសហការ​ចូលរួមគាំទ្រកន្លងមក។

នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដម ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងជំនួបរបស់ឯកឧត្តម ណូប៊ត បាតល័រ ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកុម្ភៈនេះ។

ឯកឧត្ដម ផាត សុផានិត បានឲ្យដឹងទៀតថា មន្ត្រីជាន់ខ្ពស់របស់ប្រទេសអាល្លឺម៉ង់រូបនេះ ក៏បានអញ្ជើញសម្ដេចក្រឡាហោ ស ខេង ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធអាល្លឺម៉ង់ក្នុងពេលវេលាសមស្របណាមួយ ដើម្បី ផ្លាស់ប្ដូរបទពិសោធន៍បន្ថែម​ទៀតទៅលើអ្វីដែលជាមូលដ្ឋាននៃការកែទម្រង់កិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាទទួលបានជោគជ័យបន្ថែមទៀត។
ឯកឧត្ដម ផាត សុផានិតអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអាល្លឺម៉ង់ដែលតែងតែជួយដល់កិច្ចការអភិវឌ្ឍកម្ពុជា ដោយសម្ដេចបានលើកឡើងថា រាល់ការអភិវឌ្ឍរបស់កម្ពុជាមិនអាចកាត់ផ្ដាច់បានពីជំនួយគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់បានឡើយ ។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព​មន្រ្តីថ្នាក់ឃុំ​សង្កាត់ ដើម្បីឲ្យពួកគាត់មានលទ្ធភាពកាន់តែច្រើនក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន តាមរយៈការបង្កើន​ថវិកា​តាម​ឆ្នាំជាបន្តបន្តាប់ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលបានកំណត់រួចហើយនោះ ។

ពាក់ព័ន្ធសំណើសុំស្វែងយល់អំពីកិច្ចការសំខាន់ដែលក្រសួងមហាផ្ទៃកំពុងអនុវត្ត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីអភិបាលកិច្ចល្អ និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសម្ដេចបានអះអាងថា បើទោះបីជាមានឧបសគ្គនៃការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិខ្លះមែន ប៉ុន្តែការងារនេះត្រូវបានរាជ​រដ្ឋាភិបាលប្ដេជ្ញាចិត្តនឹងធ្វើឲ្យបានជោគជ័យ ។

សម្ដេចបញ្ជាក់ថា ក្រសួងមហាផ្ទៃ កំពុងខិតខំពង្រីកបន្ថែមទៀត នូវការិយាល័យច្រកចេញចូលតែមួយ ដែលបច្ចុប្បន្ននេះ បាននឹងកំពុងដំណើរការនៅគ្រប់រាជធានី-ខេត្តប្រមាណជាង៥០កន្លែងរួចហើយ ដើម្បីពង្រឹងការផ្ដល់សេវាជូន​ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងតម្លើងថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិនេះជារៀងរាល់ឆ្នាំ ដើម្បីយកទៅអភិវឌ្ឍន៍នៅតាមមូលដ្ឋានរបស់ខ្លួន តាមសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕