ប្រធានាធិបតីអ៊ីរ៉ាក់ថា បណ្តារដ្ឋ EU និងអារ៉ាប់ត្រូវការភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដើម្បីប្រឈមមុខនឹងការប្រកួតប្រជែង

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — សេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយការិយាល័យរបស់លោក សាលី បាននិយាយពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ីរ៉ាក់ លោក បារហាម សាលី (Barham Salih  ) បានបញ្ជាក់អះអាងថា សហភាពអឺរ៉ុប ( EU ) និងសម្ព័ន្ធរដ្ឋអារ៉ាប់ ( LAS ) កំពុងប្រឈមមុខនិងការប្រកួតប្រជែងហើយភាព ជាដៃគូនិងកិច្ចសហប្រតិបត្តិការ គឺចាំបាច់ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងបែបនេះ ។

លោក សាលី បានធ្វើអត្ថាធិប្បាយរបស់លោក ក្នុងអំឡុងសុន្ទរកថារបស់លោក នៅក្នុងកិច្ចប្រជុំ កំពូល  LAS- EU ដែលធ្វើឡើងនៅ សាមអែល-សេក របស់ប្រទេសអេហ្ស៊ីប ដែលនៅទីនោះ លោកបានព្រមានថា ការប្រកួតប្រជែងបែបនេះ ដែលរួមមានអំពើភេរវកម្ម,​អំពើហិង្សា, អន្តោប្រវេសន៍ , ភាពគ្មានការងារធ្វើនិងចលាចលនយោបាយអាចជាប្រផ្នូលនៃស្ថានការណ៍ដ៏អាក្រក់បំផុត ។

លោក សាលី បាននិយាយថា ប៉ុន្តែយើងទាំងអស់គ្នា ( EU និង  LAS ) មានបំណងប្រាថ្នាយ៉ាងធំដើម្បីពង្រឹងនិងអភិវឌ្ឍន៍ភាពជាដៃគូ ព្រមទាំងធ្វើការសម្រាប់កិច្ចសហប្រតិបត្តិការ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរួម ព្រមទាំងលុបបំបាត់ប្រភពនៃអំពើភេរវកម្មនិងលទ្ធិជ្រុលនិយម ។

លោកបាននិយាយថា ប្រទេសអ៊ីរ៉ាក់ បានប្រឈមមុខនឹងការគំរាមកំហែងរបស់ក្រុមរដ្ឋអ៊ិស្លាម ( IS ) ព្រមទាំងបានផ្ចាញ់ក្រុមនេះ ប្រកបដោយជោគជ័យតាមរយៈការអនុម័តយកគោលការណ៍នៃកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិ ។

លោកបាននិយាយថា អ៊ីរ៉ាក់ដែលទើបតែងើបចេញពីការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងអំពើភេរវកម្ម នោះជឿថា ការស្ថាបនាឡើងវិញនឹងការអភិវឌ្ឍ គឺជាកត្តាយ៉ាងសំខាន់បំផុតដែលនឹងជួយពអង្រឹងជោគជ័យ នេះ ។

កាលពីថ្ងៃទី២៤ ដល់២៥ ខែកុម្ភៈនេះ បណ្តាប្រទេសអឺរ៉ុបនិងអារ៉ាប់ជាង៥០បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូល LAS  – EU ដែលបានធ្វើនៅ សាមអែល-សេក របស់ប្រទេសអេហ្ស៊ីប ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )