ពួកឧទ្ទាមហ៊ូធីយេម៉ែនបដិសេធមិនដកចេញពីកំពង់ផែ Hodeidah   

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ  ឆ្នាំ២០១៩ — ពួកឧទ្ទាមហ៊ូធីយេម៉ែនបានបដិសេធមិនដកចេញពីកំពង់ផែ Hodeidah ពីរកាលពីថ្ងៃចន្ទ ដែលរារាំង ដល់កិច្ចព្រមព្រៀង ដែលធ្វើជាអាជ្ញាកណ្តាលដោយ អ.ស.ប ក្នុងទីក្រុងស្តុកខុល កាលពីក្នុងខែធ្នូ ឆ្នាំកន្លង ទៅ ។

អ្នកនាំពាក្យពួកហ៊ូធី លោក យ៉ាយ៉ាសារី បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា កងកម្លាំងហ៊ូធី នឹងមិនដកចេញទេ រហូតទាល់តែមានការបញ្ជាក់ច្បាស់លាស់កាលបរិច្ឆេទមួយ សម្រាប់ការដកកងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលប្រទេសអារ៉ាប៊ីសាអូឌីត ជាសត្រូវរបស់ពួកគេគាំទ្រចេញពីជុំវិញទីក្រុងកំពង់ផែ នេះ ។

ដោយដាក់លក្ខខណ្ឌថា ភាគីដទៃទៀតក៏ត្រូវតែដកចេញក្នុងពេលដូចគ្នាផងដែរនោះ លោក សារី បាននិយាយថា ដំណាក់កាលទីមួយនៃផែនការ អ.ស.ប កំណត់កាលបរិច្ឆេទសម្រាប់តែការដករបស់យើង ប៉ុណ្ណោះ ដោយឡែកគេមិនបានបញ្ជាក់ច្បាស់កាលបរិច្ឆេទណាមួយសម្រាប់ការដករបស់ភាគីដទៃទៀត  ( កងទ័ពរដ្ឋាភិបាល ) នោះទេ ។

ទូរទស្សន៍  Al Arabiya របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលយេម៉ែន ម្នាក់ដែលនិយាយថា ពួកឧទ្ទាមហ៊ូធីបានបញ្ឈប់លែងអនុវត្តន៍ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងស្តុកខុល។

បេសកជនពិសេស អ.ស.ប នៅយេម៉ែន លោក ម៉ារទីន ហ្គ្រីហ្វហ្វីត ( Mariin Griffifhs ) បាននិយាយនៅសប្តាហ៍នេះថា ការដកទៅវិញទៅមកកងកម្លាំងដែលច្បាំងគ្នា គួរចាប់ផ្តើមជាបន្ទាន់ចេញពី  Hodeidah ។

កាលពីថ្ងៃអាទិត្យពួកឧទ្ទាមបាននិយាយថា ពួកគេនឹងចាប់ផ្តើមដកកម្លាំងរបស់ពួកគេចម្ងាយ ៥គីឡូម៉ែត្រពីកំពង់ផែ Saleef ដែលត្រូវបានប្រើប្រាស់សម្រាប់ការនាំចូលធញ្ញជាតិ និង  Ras Isa ស្ថានីយប្រេង មួយសម្រាប់ការនាំចេញប្រេងឆៅ Marib ។

តាមផែនការសន្តិភាពឱ្យដឹងថា សម្រាប់ដំណាក់កាលទី២ នៃការដកកម្លាំងហ៊ូធី នឹងដកចម្ងាយ ១គីឡូម៉ែត្រពីកំពង់ផែយ៉ាងសំខាន់របស់ Hodeidah ដោយឡែកកងកម្លាំងរដ្ឋាភិបាលដែលក្រុមចម្រុះគាំទ្រនឹងដកចម្ងាយ១គីឡូម៉ែត្រពីតំបន់ Kilo7 ក្នុងជាយក្រុងខាងកើតនៃទីក្រុងកំពង់ផែនេះ ។  កងកម្លាំងរដ្ឋាភិបាលបានជំរុញចូលទៅក្នុងជាយក្រុង Hodeidah  ភាគខាងត្បូងនិងភាគខាងកើត បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមហ៊ូធីក្នុងពេលជាង៥ខែកន្លងទៅនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )