លោក ត្រាំ និងលោក គីម នឹងប្រជុំគ្នានៅពេលបរិភោគអាហារ ពេលល្ងាចនាថ្ងៃពុធស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — សេតវិមានបាននិយាយថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុង-អ៊ុន​ នឹងចាប់ផ្តើមបើកកិច្ចប្រជុំកំពូល​ដែលបានរំពឹងទុកយ៉ាង​ខ្លាំងរបស់ពួកគេ ដោយកិច្ចប្រជុំសង្ខេបមួយ  «​មួយទល់នឹងមួយ» (one-on-one) និងកិច្ចប្រជុំអាហារពេលល្ងាចជ្លូវការមួយ (Social Dinner)នាថ្ងៃពុធស្អែកនេះ។

លោក ត្រាំ និងលោក គីម បានគ្រោងនឹងជួបប្រជុំគ្នា​នៅទីក្រុងហាណូយ​ប្រទេស​វៀតណាម នាថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាគ្នាពីការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​សម្រាប់​​របបមួយនេះ។

លោក គីម បានមកដល់ស្ថានីយរថភ្លើងដុងដាង របស់ប្រទេសវៀតណាម​នាព្រឹកថ្ងៃអង្គារនេះ ហើយលោក ត្រាំ បានគ្រោងនឹងទៅដល់​ទីក្រុងហាណូយ​ក្នុងថ្ងៃបន្ទាប់។

ទីប្រឹក្សាព័ត៌មានរបស់សេតវិមាន​លោកស្រី Sarah Sanders បាននិយាយថា បន្ទាប់ពី​កិច្ចប្រជុំដោយសង្ខេប មួយទល់នឹងមួយ និងការជួបជុំមួយចំនួនទៀតនារសៀលថ្ងៃពុធ​ស្អែកនេះ​ បុរសទាំងពីរនាក់នេះ នឹងអនុញាតឱ្យមានការចូលរួម​ពីមន្ត្រីពីររូប​រៀងៗខ្លួន សម្រាប់​កិច្ចប្រជុំអាហារពេលល្ងាចនោះ​។​

លោក ត្រាំ នឹងត្រូវបានចូលរួមដោយ​រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ិក ពុំពីអូ​ និងប្រធានស្តីទី លោក Mick Mulvanney ខណៈដែលលោក ​គីម ​ត្រូវបានគេរាយការណ៍ថា នឹង​ត្រូវ​ចូលរួមដោយជំនួយជាន់ខ្ពស់របស់​លោក គីម យ៉ុង-ចុល​ និងអ្នកទី៣មួយរូបទៀត​មិនទាន់​ត្រូវបានគេឱ្យដឹងឡើយទេ។

ខណៈពេលនោះដែរ លោក ត្រាំ នឹងបើកព្រឹត្តិការណ៍លើកដំបូងរបស់លោក ជាមួយពួក​មន្រ្តី វៀតណាម នៅម៉ោង ១១:០០ថ្ងៃត្រង់ស្អែកនេះ។ លោកបានគ្រោងនឹងជួបប្រជុំ​ជាមួយ​ប្រធានាធិបតី វៀតណាម​លោក ង្វៀន ពូទ្រុង​ ដើម្បីបន្តនឹងពង្រីកកិច្ចចរចាទ្វេភាគី​ ដោយមាន​ទាំងការចុះហត្ថលេខាលើការធ្វើពាណិជ្ជកម្ម ការថតរូបភាពអនុស្សរីយ៍ជាមួយនាយករដ្ឋមន្រ្តី​វៀតណាម​​លោក ង្វៀន ស៊ូហ្វុក​ ហើយបានពង្រីកកិច្ចប្រជុំទ្វេភាគី ព្រមទាំងការបើកធ្វើការងារ​មួយជាមួយនាយករដ្ឋមន្រ្តីវៀតណាមផងដែរ​៕​

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )