សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន ហ៊្វូជុង អញ្ជើញ ជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​ លោក​ អ៊ូ​ កាណែល​៖


នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមរួចមក សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន ហ៊្វូជុង បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥។


ឯកសារដែលត្រូវចុះហត្ថលេខានោះគឺ ១-ពិធីសារស្តីពីវិសោធន កម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក។
២-សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា- វៀត ណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ដែលឯកសារទាំង ពីរនេះចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹក ជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ។
៣. អនុស្សរណ:នៃការយោគយល់គ្នា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង 25 លានដុល្លារអាមេរិកសំយ៉ាបអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឌីញ គៀនយ៉ុង (DinhTien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមនិងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា ។
៤. ឯកសារលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាវៀតណាមស្ដីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩- ២០២០ ចុះហត្ថលេខាដោយឯកឧត្តម ត្រាន់ទួនអានTran Tuan Anhរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមនិង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ។
៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា ឯ.ឧ ង្វៀន ហ៊្វូជុង បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជាប្រមុខរដ្ឋវៀតណាមនៅថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ។ ពេលអញ្ជើញដល់ឯ.ឧ ឧ ង្វៀន ហ៊្វូជុង បានអញ្ជើញចូលចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សា
ការងារជាមួយសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេ នាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។
សូមរំលឹកថា កម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២៤ ខែមិ ថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែ មីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពីបានភ្ជាប់ទំនាក់ ទំនងឡើងវិញនៅខែមករា ឆ្នាំ១៩៧៩។
វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ឆ្នាំ២០១៨ កន្លង ទៅនេះ ជាខួបលើកទី៥១ នៃការបង្កើតទំនាក់ទំ នងការទូតរវាងប្រទេសទាំងពីរ។ ក្នុងខួប៥១ឆ្នាំនៃទំនាក់ទំនងនេះ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទំនាក់ទំនង និងទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់ ដែលបានបង្ហាញពីចំណងសាមគី្គភាព មិត្តភាព ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។
ក្នុងទំនាក់ទំនងពាណិជ្ជកម្មវិញ ប្រទេសទាំង ពីរមានពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២,១៣០លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។ តែការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែងការនាំ ចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ មានចំនួន ៣៤២លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ២០១៧ មានចំនួនប្រមាណ ១,៨០០ លានដុល្លារអាមេរិក។
ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកាឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុម ហ៊ុនវៀតណាមចំនួន ៧៥គម្រោង លើទុនវិនិ យោគសរុបចំនួនប្រមាណ ២,៤០០លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ៕