កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ជួយលើកកម្ពស់តួនាទីរបស់វៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​  — កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះនៅទីក្រុងហាណូយ ប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍មួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសវៀតណាម ហើយដែលបង្ហាញអំពីឆន្ទៈរបស់ប្រទេសនេះក្នុងការចូលរួមក្នុងកិច្ចសន្ទនាឆ្ពោះទៅរកការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាក្នុងតំបន់ និងពិភពលោកផងដែរ។

កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅរដ្ឋធានីប្រទេសវៀតណាមចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី១ ត្រូវបានធ្វើនៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន ដែលក្នុងនោះប្រទេសទាំងពីរបានប្តេជ្ញាបង្កើតទំនាក់ទំនងដើម្បីសន្តិភាព និងភាពរុងរឿង ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។

ជាមួយនឹងបទពិសោធរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជាទិវាសប្តាហ៍ថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងដាណាង កាលពីឆ្នាំ ២០១៧ និងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅទីក្រុងហាណូយ កាលពីឆ្នាំ ២០១៨ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទីពីររបស់កូរ៉េខាងជើង និងសហរដ្ឋអាមេរិកនេះបានបញ្ជាក់ពីការកើនឡើងនៃតួនាទីរបស់ខ្លួន ក៏ដូចជាការរួមចំណែកដែលមានការទទួលខុសត្រូវចំពោះបញ្ហាអន្តរជាតិផងដែរ។

ព្រឹត្តិការណ៍នេះក៏នឹងបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសវៀតណាមក្នុងការអនុវត្តគោលនយោបាយបរទេសឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង សន្តិភាព កិច្ចសហប្រតិបត្តិការ និងកិច្ចអភិវឌ្ឍន៍ ការធ្វើពិពិធកម្ម និងពហុភាគីនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ភាពសកម្មនៃការធ្វើសមាហរណកម្មអន្តរជាតិ និងជាមិត្ដភក្ដិ ជាដៃគូដ៏ជឿទុកចិត្ត និងជាអ្នកទទួលខុសត្រូវនៃសហគមន៍អន្តរជាតិផងដែរ។

សម្រាប់ទីក្រុងហាណូយ កិច្ចប្រជុំនេះនឹងធ្វើឡើងចំពេលដែលទីក្រុងនេះប្រារព្ធទិវាអបអរសាទរខួបលើកទី២០ របស់ខ្លួនដែលត្រូវបានទទួលស្គាល់ជាទីក្រុងសន្តិភាពដោយអង្គការយូណេស្កូ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)