វៀតណាមត្រៀមរួចជាស្រេចក្នុងការផ្តល់ជូននូវលក្ខខណ្ឌល្អបំផុត សម្រាប់កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​ — មន្ត្រីវៀតណាមម្នាក់បាននិយាយថា ប្រទេសវៀតណាមមានឆន្ទៈក្នុងការផ្តល់ជូននូវលក្ខខណ្ឌដ៏ល្អបំផុតសម្រាប់កិច្ចប្រជុំកំពូលលើកទីពីររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលគ្រោងធ្វើនៅរដ្ឋធានីហាណូយ នៅថ្ងៃទី២៧ និង ២៨ ខែកុម្ភៈ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានអះអាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិនៅទីក្រុងហាណូយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ដែលសហការរៀបចំដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនង លោក Nguyen Manh Hung និងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ។

លោក Trung បាននិយាយថា កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ ប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលទាក់ទាញការយកចិត្តទុកដាក់ពីប្រជាជន និងសហគមន៍អន្តរជាតិ ពីព្រោះវាទាក់ទងផ្ទាល់ទៅនឹងសន្តិភាពក្នុងតំបន់។

យោងតាមតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា វៀតណាមត្រូវបានជ្រើសរើសឱ្យរៀបចំពិធីនេះដោយសារតែភាពប្រសើរឡើងរបស់ខ្លួននៅលើឆាកអន្តរជាតិ និងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

លោកបាននិយាយថា តាមរយៈនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ វៀតណាមចង់ជំរុញគោលនយោបាយការបរទេសរបស់ខ្លួនដើម្បីសន្តិភាព នឹងធ្វើជាសមាជិកសកម្ម ព្រមទាំងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដោយលោកបាននិយាយបន្ថែមថា ប្រទេសវៀតណាមក៏ចង់ចូលរួមចំណែកក្នុងដំណើរការចរចារសន្តិភាពផងដែរ។

លោក Trung បាននិយាយថា វៀតណាមមិនត្រឹមតែចង់លើកកម្ពស់តួនាទីរបស់ខ្លួនតែមួយនោះទេ តែវៀតណាមចង់លើកកម្ពស់តួនាទីរបស់អាស៊ានទាំងមូលនៅក្នុងពិភពលោក និងបង្ហាញអំពីសមិទ្ធិផលរបស់ខ្លួនបន្ទាប់ពីរយៈពេលជាង ៣០ឆ្នាំនៃការធ្វើកំណែទម្រង់ និងមុខមាត់របស់ទីក្រុងហាណូយ ខណៈដែលរដ្ឋធានីនេះកំពុងប្រារព្ធទិវាខួបលើកទី២០ នៃការទទួលស្គាល់ពីអង្គការយូណេស្កូជា « ទីក្រុងសន្តិភាព »៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)