AIA ចាប់ផ្តើមគម្រោងទីលានបាល់ទាត់១០០ជូនដល់សាលារៀនចំនួន៤ នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ -ក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA Cambodia បានចាប់ផ្តើមដំណើរការនូវគម្រោង “ទីលាន​បាល់ ទាត់១០០”របស់ខ្លួន តាមរយៈការផ្តល់ជូនសម្ភារកីឡាបាល់ទាត់ និងការហ្វឹកហាត់ជូនដល់ សាលារៀនបឋមសិក្សាចំនួន៤ជាលើកដំបូង នៅរាជធានីភ្នំពេញ ដែលបានប្រារព្ធធ្វើឡើង កាលពីចុងសប្តាហ៍កន្លងទៅ នៅកីឡដ្ឋាន AIA (អតីតកីឡដ្ឋានវេស្ទើន)។ ចំពោះសាលាបឋម សិក្សាទាំង៤នេះទទួលបានសម្ភារកីឡាបាល់ទាត់ថ្មីៗ ដែលប្រគល់ជូនដោយថ្នាក់ដឹកនាំ និង​ទីប្រឹក្សាផែនការជីវិត AIA។ ដោយឡែក សិស្សនុសិស្សមកពីពីសាលាទាំងនេះក៏ទទួលបាន ហ្វឹកហាត់​ពីគ្រូបង្វឹក សម្រាប់ការអភិវឌ្ឍបាល់ទាត់សកល២រូបពីក្លិប Tottenham Hotspur នៃក្របខ័ណ្ឌលីគកំពូលចក្រភពអង់គ្លេស ដែលគម្រោងទីលានបាល់ទាត់១០០ ត្រូវបាន​ប្រកាសកាលពីខែមុន ក្នុងពិធីគម្រប់ខួប១០០ឆ្នាំរបស់សម្ព័ន្ធ AIA ដែលមានគោលបំណង ផ្តល់សម្ភារកីឡា ដែលមានបង្គោល២ ក្តារអមតារាង៤ បាល់ទាត់ចំនួន១០ អាវកាក់ ៣០ និងកោណហាត់បាល់៤០ ដែលគ្រោងនឹងផ្តល់ជូនដល់សាលាបឋមសិក្សាចំនួន១០០ នៅ ទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុន AIA បានចាប់ផ្តើមតាមការសន្យារបស់ខ្លួន ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា បាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

សាលាបឋមសិក្សាចំនួន៤ ដែលទទួលបានដំបូងគេនេះ គឺសាលាបឋមសិក្សាសំរោង, ព្រៃសរ របាស់ អង្កាញ់, សាលារៀនអង្គការផ្កាយសមុទ្រ។ ពិធីប្រគល់ជាផ្លូវការនេះត្រូវបានធ្វើឡើង ដោយមានការចូលរួមពី គ្រូបង្វឹក Tottenham Hotspur ពីររូប គឺលោកAnton Blackwood និងលោក Shaun Harris។

លោក Richard Bates អគ្គនាយក្រុមហ៊ុន AIA Cambodia បានមានប្រសាសន៍ថា លោកពិតជារីករាយ ដែលក្រុមហ៊ុនបានដំណើរការគម្រោងនេះតាមការគ្រោងទុករបស់ខ្លួន ដោយនេះបានបង្ហាញពីការខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាប់ផ្តើមនៃគម្រោងនេះ។ លោកពិតជាសប្បាយរីករាយណាស់ ដែលលោកបានមើលឃើញនូវទិដ្ឋភាពក្មេងៗទាំងអស់ នេះទទួលបានឱកាសលេងបាល់ទាត់ និងហ្វឹកហាត់ជំនាញបាល់ទាត់ពីគ្រូបង្វឹកនៃក្លិប Tottenham Hotspur នាពេលនេះ៕

ដោយ ហេង ណាលីន