ភាពយន្តកីឡាចំបាប់លើកដំបូងជាប្រវត្តិសាស្រ្តរបស់កម្ពុជានឹងបង្ហាញខ្លួនជាសាធារណៈ នៅខែមីនា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ -ភាពយន្ដភាពកីឡាលើកដំបូងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានចំណងជើងថា “បោកចំ បាប់ក្ដីសង្ឃឹមចុងក្រោយ” នឹងបង្ហាញខ្លួនជាសាធារណៈ នាខែមីនា ឆ្នាំ២០១៩ តាមរយៈការ ដាក់បញ្ចាំង នៅតាមទីតាំងជាច្រើនកន្លែងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទទី ២៥ ខែមីនា ឆ្នាំ២០១៩ នៅទី ស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា បានមានប្រសាសន៍ថា ភាពយន្ដបែបប្រឡោមលោកនេះនឹងសម្ពោធចាក់បញ្ចាំង ផ្លូវការ នាថ្ងៃទី១៤ ខែមីនាខាងមុខ នៅរោងកុនផ្សារទំនើប AEON Mall ទី១ ក្រោមវត្តមាន របស់ថ្នាក់ដឹកនាំក្រសួងចំនួនបី រួមមាន៖ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំ យុវជន និងកីឡា។ នៅថ្ងៃដដែលនោះក៏មានរោងកុនធំៗ ទូទាំងរាជធានី ភ្នំពេញ និងខេត្តសៀមរាប ក៏គ្រោងនឹងចាក់បញ្ចាំងរឿង “បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ” នេះដូចគ្នាផងដែរ។ ប៉ុន្ដែមុនឈានដល់ថ្ងៃចាក់បញ្ចាំងផ្លូវការ២ថ្ងៃ ពោលគឺនៅថ្ងៃទី១២ ខែមីនា ក៏មានការចាក់បញ្ចាំងលក្ខណៈបើកសេរី នៅរោងកុនផ្សារទំនើប AEON Mall ទី១ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៩យប់ ដោយអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងកីឡាករ-កីឡាការិនីគ្រប់ ប្រភេទកីឡាទាំងអស់ចូលរួមទស្សនាដោយសេរីក។

ឯកឧត្តមអះអាងថា នេះគឺជារឿងកីឡាដំបូងរបស់កម្ពុជា ហើយក្រោយចាក់បញ្ចាំង បើសិនទទួលបានជោគជ័យ យើងនឹងពិនិត្យលទ្ធភាពបន្ដផលិតរឿងកីឡាបែបប្រពៃណីបន្ដ ទៀត ដូចជាល្បុក្កតោ និងអុកចត្រង្គ ជាដើម ដើម្បីឱ្យពិភពលោកបានស្គាល់ពីកីឡាប្រពៃណី និងវប្បធម៌របស់កម្ពុជា។ ទន្ទឹមនេះ ក្នុងរយៈពេល ២ខែក្រោយរឿង “បោក ចំបាប់ក្ដីសង្ឃឹម ចុងក្រោយ” ត្រូវបានចាក់បញ្ចាំងនៅកម្ពុជា យើងនឹងនាំយករឿងនេះ ទៅចាក់បញ្ចាំងតាម បណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុបជាច្រើនទៀត។

លោក Manish Sharma អ្នកដឹកនាំផលិតភាពយន្ដនេះបានបញ្ជាក់ថា រឿងបោកចំបាប់ ដែល  ផលិតពីខ្សែជីវិតពិតរបស់គ្រួសារអ្នកចូលចិត្តកីឡាចំបាប់មួយ គឺគ្រួសាររបស់កីឡាការិនី នី សំណាង ដែលជាតួឯកស្រី ក្នុងរឿងនេះបានចំណាយពេលជិត២ឆ្នាំ និងចំណាយថវិកា ប្រមាណ ៣០ម៉ឺនដុល្លារ។ តែអ្វីដែលជាតម្លៃនៃខ្សែភាពយន្ដ គឺការផលិតឡើងមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន ក្នុងគ្រួសារកីឡា ដែលឆ្លុះបញ្ចាំងឱ្យឃើញការរួបរួម និងជាគំរូដ៏ល្អ សម្រាប់ ជីវិតស៊ូត ដល់យុវជនជំនាន់ក្រោយ៕

ដោយ ហេង ណាលីន