សត្វត្មាតបីប្រភេទ នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងទទួលបានចំណីបន្ថែមដើម្បីការពារជីវិតរស់នៅ

វិទ្យុជាតិកម្ពុជា៖លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖

សត្វត្មាតចំនួនបីប្រភេទកំពុងរស់នៅតំបន់ព្រៃអភិរក្សសៀមប៉ាងលិចនឹងសៀមប៉ាងកើតមន្ត្រីអង្គការអភិរក្ស សត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាងបានផ្តល់ចំណីបន្ថែមនៅថ្ងៃទី២៥កុម្ភៈនេះដើម្បីថែរក្សវាកុំឱ្យចាកចេញ ពីតំបន់ធ្លាប់រស់នៅទៅតំបន់ផ្សេងនាំឱ្យរងការបាញ់សម្លាប់ពីពពួកព្រានផ្សេងៗ។

    ក្នុងសកម្មភាពផ្តល់ចំណីសត្វត្មាតលោកទី ស្រុន ប្រធានប្រចាំតំបន់នៃអង្គការជីវិតសត្វស្លាបអន្តរជាតិសៀមប៉ាងបានបញ្ចាក់ថា៖ ការផ្តល់ចំណីនេះដើម្បីថែទាំ សត្វត្មាតនឹងសត្វស្លាបផ្សេងៗទៀតឱ្យគង់វង្សនៅក្នុងតំបន់អភិរក្ស  ដែលក្រសួងបរិស្ថានបានកំណត់រួចមកនេះ  កុំឱ្យវាទៅរស់នៅតំបន់ព្រៃនៃទឹកដី ប្រទេសឡាវ  ខ្លាចត្រូវគេសម្លាប់វា ដែលនាំឱ្យបាត់បង់សម្បត្តិធម្មជាតិរបស់យើង។

           លោកបន្តថា៖នៅចន្លោះចាប់ពីថ្ងៃទៅ១០ដល់ថ្ងៃទី២៥ជារៀងរាល់ខែ ក្រុមអភិរក្សសត្វត្មាតបានផ្តល់ចំណីជាគោឬក្របី បន្ថែមឱ្យពួកវាក្នុងមួយខែ២ដងដែលត្រូចំណាយថវិកាជាង១០០០ដូល្លារជាប្រចាំ ព្រោះ ពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានចន្លោះចាប់ពី៥០ក្បាលទៅ៩០ក្បាលតែប៉ុណ្ណោះ។

         លោក ស៊ីន ដាន មេឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ការអភិរក្សសត្វស្លាបនេះបងប្អូនប្រជាពលរដ្ឋបានភ្ញាក់រលឹកចូលរួមច្រើន ព្រោះពូកគាត់បានចាត់ទុកថា ពពួកសត្វទាំងនេះវាអាចបំរើឱ្យវិស័យទេសចរណ៍ ដោយសារភ្ញៀវទេសចរមកលេងចង់មើលសត្វស្លាបប្រភេទធំៗបែបនេះ។                    

    លោកប៊ុនឌីណាមន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិនេះដែរបញ្ជាក់ថា៖ប្រជាពលរដ្ឋនៅឃុំថ្មកែវនឹងឃុំព្រែកមាស បានងាកមកធ្វើស្រូវត្រយ៉ងយក្ស   ដែលអង្គការផ្តល់ពូជឱ្យបានស្ទើគ្រប់ៗគ្នាហើយព្រោះ នៅពេលបានផលក្រុមអភិរក្សសត្វត្មាតប្រមូលទិញយកវិញ   ក្នុងតំលៃ១៣៥០រៀលនៅឆ្នាំ២០១៨ ហើយឆ្នាំ២០១៩នឹងលើកទឹកចិត្តកសិករទិញរហូតដល់ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម។

       លោកថា៖នេះ ជាយន្តការមួយជំរុញឱ្យប្រជាពលរដ្ឋយើងបញ្ឈប់ការចូលព្រៃបរបាញ់សត្វនឹងពឹងផ្អែកលើផលអនុផលព្រៃឈើទៀត។

សូមបញ្ជាក់ថា៖តំបន់អភិរក្សសត្វស្លាបសៀមប៉ាងរស់នៅទាំងពីនេះ មាន-សត្វត្រយ៉ងយក្ស- សត្វចំកំ កស-សត្វត្រដក់តូច-នឹងត្រដក់ធំ-ផងដែរ ៕