រាជរដ្ឋាភិបាលលើកទឹកចិត្តដល់យុវជនចូលរួមលើកម្ពស់តួនាទីស្រ្តីក្នុងវិស័យសេដ្ឋកិច្ច និងសង្គម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អាត ចន្ធូ៖


រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដល់យុវជនចូលរួមលើកម្ពស់តួនាទីស្រ្តីក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីសម្រេចបាននូវយុទ្ធសាស្ដ្រដែលចាត់ទុកស្ដ្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ និងសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការពង្រឹងសមភាពយេនឌ័រ ការគាំពារសង្គម និងការអភិវឌ្ឍធនធានមនុស្ស។

លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី នៅថ្ងៃទី ២៥ ខែកុម្ភៈនេះ បានឲ្យដឹងថា យុវជន សិស្ស និស្សិត ត្រូវបានផ្តល់ឱកាសធ្វើជាវាគ្មិន និងចូលរួមក្នុងវេទិកានានា ដើម្បីសិក្សាស្រាវជ្រាវ ស្វែងយល់ បំផុសគំនិត ប្រើប្រាស់សក្តានុពលរបស់ខ្លួន ស្វែងរកគំនិតថ្មីៗ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្ដ្រី និងរួមចំណែកអនុវត្តបេសកកម្មលើកកម្ពស់សមភាពយេនឌ័រ។
លោកជំទាវរដ្ឋមន្ដ្រី បន្ដថា វេទិកាដែលរៀបចំឲ្យយុវជនជជែកពិភាក្សា ដើម្បីអបអរសាទរ ខួបលើកទី ១០៩ នៃទិវាអន្ដរជាតិនារី ៨ មីនាខាងមុខនេះ ជាផ្នែកមួយបង្កើននូវចំណេះដឹងស្ដីពីការលើកកម្ពស់សមភាពយេនឌ័រ និងបង្ហាញពីភាពក្លាហាន ភាពជាគំរូ ទំនុកចិត្ត ការប្ដេជ្ញាចិត្ត និងភាពជាអ្នកដឹកនាំដល់និស្សិតដទៃទៀត ក្នុងការចូលរួមសកម្មភាពសង្គម។ លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា ដើម្បីអបអរសាទរខួបលើកទី ១០៩ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០១៩ឆ្នាំនេះ ក្រសួងបានលើកយកប្រធានបទចំនួន៣ យកមកពិភាក្សា ដែលមានដូចជា ការពង្រឹងសក្តានុពលនៃការចូលរួមរបស់ស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច ដើម្បីពន្លឿនកិច្ចអភិវឌ្ឍនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤, ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាលើស្ដ្រី, លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស។ «រាជរដ្ឋាភិបាលបានចាត់ទុកស្ដ្រី ជាឆ្អឹងនៃសង្គម និងសេដ្ឋកិច្ចជាតិ យើងឃើញហើយថា អត្ថន័យនេះមានសារៈសំខាន់ណាស់ ទាល់តែក្មួយត្រូវវិភាគបន្ថែមហេតុអ្វីបានជាយើងដាក់ស្ដ្រីជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ ប៉ុន្ដែបុរសក៏ជាឆ្អឹងខ្នងដែរ ប៉ុន្ដែបុរសលោកជាមាសតាំងពីយូរហើយ មាសធ្លាក់ចូលក្នុងភក់លាងទៅស្អាតរហូត ប៉ុន្ដែស្ដ្រីកន្លងគេប្រៀបធៀបជាកន្សែងស ហើយកន្សែងធ្លាក់ចូលក្នុងភក់លាងអត់ជ្រះទេ ហើយយើងត្រូវធ្វើយ៉ាងណាឲ្យធនធានមនុស្សមួយភាគធំខិតជិត៥២ភាគរយនៃប្រជាពលរដ្ឋសរុបនៅក្នុងប្រទេសកម្ពុជារបស់យើង។ ធ្វើយ៉ាងម៉េចឲ្យ៥២ភាគរយនឹងឲ្យក្លាយទៅជាត្បូងពេជ្រ ត្បូងដែលមានតម្លៃ មួយតម្លៃពេលដែលយើងលាងទៅស្អាតរហូត ដូចជាមាសចឹង។ ចឹងមាសនិងពេជ្រគុណនៅជាមួយទៅកាន់ស្អាត! ស្អាតមែនទែនហ្មង ចឹងយើងត្រូវរឿងហ្នឹង មួយទៀតយើងបានស្ដាប់លោកស្រីវាគ្មិន ទាំង២អម្បិញមិញនេះលោកបានមានប្រសាន៍ហើយថា ស្ដ្រីជាធនធនមនុស្សមួយដែលចូលរួមយ៉ាងសកម្មនៅក្នុងកម្លាំងពលកម្ម នៅក្នុងសេដ្ឋកិច្ចរបស់សហគមន៍ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល»។
សូមបញ្ជាក់ថា វេទិកាយុវជនជជែកពិភាក្សា ដើម្បីអបអរសាទរខួបលើកទី ១០៩ នៃទិវាអន្ដរជាតិនារី នៅថ្ងៃទី២៥ ខែកុម្ភៈ មានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ភ្ញៀវជាតិ និងអន្ដរជាតិ ចំនួនជាង២៥០នាក់៕