រាជរដ្ឋាភិបាលឯកភាពមិនយកថ្លៃទិដ្ឋាការពីពលករខ្មែរ មកលេងស្រុកនាចូលឆ្នាំប្រពៃណីជាតិខ្មែរ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ៖

រាជរដ្ឋាភិបាល បានឯកភាពមិនយកថ្លៃទិដ្ឋាការពីពលករខ្មែរ សម្រាប់ឱកាសមកលេងស្រុកកំណើត ក្នុងរដូវការលចូលឆ្នាំប្រពៃណីជាតិខ្មែរនៅខែមេសាខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានឲ្យដឹងថា ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃទាំងអស់ នឹងត្រូវធ្វើដំណើរឆ្លងកាត់ព្រំដែនទៅស្រុកកំណើត ដើម្បីចូលរួមអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមិនគិតថ្លៃទិដ្ឋាការ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ខែ មេសា។
ស្ថានឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថា កន្លងមកពលករខ្មែរ ដែលស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ ដែលមានបំណងឆ្លងកាត់ព្រំដែនមកកាន់ប្រទេសកម្ពុជា និងត្រឡប់ចូលមកធ្វើការនៅប្រទេសថៃវិញ ត្រូវស្នើសុំរក្សាសិទ្ធិទិដ្ឋាការ មុននឹងធ្វើដំណើរត្រឡប់មកកម្ពុជា ដើម្បីរក្សាសិទ្ធិទិដ្ឋាការក្នុងការត្រឡប់ចូលទៅធ្វើការនៅប្រទេសថៃវិញ។
យោងតាមច្បាប់អន្តោប្រវេសន៍របស់ប្រទេសថៃ បានឲ្យដឹងថា ការស្នើសុំរក្សាសិទ្ធិទិដ្ឋាការ ប្រភេទចេញចូលមួយលើកមានតម្លៃ ១០០០បាត និងប្រភេទចេញចូលច្រើនលើកមានតម្លៃ៣.៨០០បាត៕