ក្រសួងសេដ្ឋកិច្ចពង្រីកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័នរដ្ឋ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពង្រីកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្រសួង-ស្ថាប័នបានចំនួន២៧ហើយ និងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង២៥ ដើម្បីសម្រួលការងារគ្រប់ហិរញ្ញវត្ថុសាធារណៈឲ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។


ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ នាទីស្តីការក្រសួង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ មានប្រសាសន៍ថា ការពង្រីកសេវាប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ គឺជាវឌ្ឍនភាពដ៏ធំធេងនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានបោះជំហានទៅមុខជាមួយនឹងការចាក់ គ្រឹះដ៏រឹងមាំ សម្រាប់ឈានទៅសម្រេចគោលដៅនៅឆ្នាំ២០២៥ គឺគណនេយ្យភាពសមិទ្ធកម្ម។
ឯកឧត្តមបណ្ឌិតសភាចារ្យបានឲ្យបញ្ជាក់ថា នេះគឺជាមោទនភាព សម្រាប់កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ព្រោះថាកម្ពុជាធ្វើបានល្អប្រសើរ និងបានលឿនជាងបណ្តាប្រទេសមួយចំនួនទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា នៅឆ្នាំ២០១៩នេះ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវផែនការសកម្មភាពសម្រួលនីតិវិធីអនុវត្តការងារ ក្នុងប្រព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំណត់ឱ្យបានច្បាស់អំពីនីតិវិធី ដើម្បីឱ្យការ អនុវត្តន៍មានភាពអនុលោមទៅនឹងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨ – ២០២៥។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឲ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាំងពីឆ្នាំ ២០១៤ ហើយជំរុញឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋ នៅពេលឆាប់ៗនេះ៕