ជនជាតិស្វ៊ីសបាននាំយកថវិកាជាង៣លានដុល្លារមកជួយអភិវឌ្ឍន៍ខេត្តសៀមរាប នៅក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ

AKP សៀមរាប ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ​ថ្លែង​នៅ​ក្នុង​ពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នង មាន៥បន្ទប់  នៅវិទ្យាល័យ ហ៊ុន សែន សៀមរាប ដែលជាអំណោយរបស់ប្រជាជនស្វ៊ីស នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក អង់រីកូ សាលា (ENRICO SALA) សប្បុរសជនមកពី ប្រទេសស្វ៊ីសបានថ្លែងថា ដោយមានការស្រឡាញ់ប្រជាពលរដ្ឋកម្ពុជា លោកបានប្រមូល ថវិកា ពីសប្បុរសជននៅប្រទេសស្វ៊ីស​មកជួយដល់ប្រជាពលរដ្ឋប្រទេសកម្ពុជាតាមរយៈឯក​ឧត្តម សៀង ណាំ ចាប់តាំងពីឆ្នាំ​១៩៩៩មកម៉្លេះ ដោយផ្តោយសំខាន់ទៅលើ វិស័យអប់រំ សុខាភិបាល ទឹកស្អាត ជាដើម។

 

លោកបាន​បញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៩នេះ លោកបាននាំមកថវិកាពី សប្បុរសជននៅប្រទេសស្វ៊ីសមកជួយដល់ប្រជាជនកម្ពុជា ជាពិសេសនៅខេត្តសៀមរាបនេះ មានចំនួនសរុប៣.៦៩១.៦៨២ដុល្លារអាម៉េរិក ក្នុងនោះមានអណ្តូងទឹកចំនួន៩៤១អណ្តូង មណ្ឌលសុខភាពចំនួន១៦កន្លែង អគារសម្ភពចំនួន៩ខ្នង អគារសាលារៀន និងបណ្ណាល័យចំនួន៥៦ខ្នង។

ឯកឧត្តម សៀង ណំា អ្នកតំណាង​រាស្រ្តខេត្តសៀមរាប​ បានមានប្រសាសន៍ថ្លែងអំណរ គុណចំពោះលោក អង់រីកូ សាលា (ENRICO SALA) និងប្រជាជនស្វ៊ីសដែលបាន ចំណាយថវិកាផ្ទាល់ខ្លួនក្នុងការជួយដល់ប្រជាជនកម្ពុជានៅខេត្តសៀមរាប​នេះ។

ឯកឧត្តម​បាន​ចាត់ទុក​សមិទ្ធផលទំាំងនេះ ជាការ​ចូលរួម​ចំណែកមួយដ៏សំខាន់​ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍនៅតាមតំបន់ជនបទនៃសៀមរាបនេះ។ ជាមួយគ្នានេះឯកឧត្តម សៀង ណំា បាន​ជំរុញឱ្យ​សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បី​ឆ្លើយតបបានជាមួយ និងទឹកចិត្ត​សប្បុរសជ​នបានជួយ៕

ដោយ ឃុត សៅ