អ.ស.ប ការស្លាប់និងរបួសជនស៊ីវិលអាហ្វហ្គានីស្ថានកើនឡើងខ្ពស់ក្នុងឆ្នាំ ២០១៨   

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ  ឆ្នាំ២០១៩ — បេសកកម្ម​អ.ស.ប ក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយបីថ្ងៃអាតិត្យថា ការស្លាប់និងរបួសជនស៊ីវិលអាហ្វហ្គានីស្ថានបានឡើងដល់កម្រិតខ្ពស់ក្នុងឆ្នាំ ២០១៨ នៅពេលដែលពួកជនស៊ីវិលបានបាត់បង់ជីវិតរបស់ពួកគេ និងរងរបួសបានកើនច្រើនឡើង កាលពីឆ្នាំកន្លងទៅ ។

សេចក្តីរាយការណ៍ប្រចាំឆ្នាំមួយដែលផ្សាយដោយបេសកកម្មជំនួយ អ.ស.ប ក្នុងប្រទេសអាហ្វហ្គានីស្ថាន( UN AMA ) បាននិយាយថា ជនស៊ីវិលបានស្លាប់នៅក្នុងជម្លោះអាហ្វហ្គានីស្ថាន កាលពីឆ្នាំកន្លងទៅច្រើនជាងពេលណាទាំងអស់ ដែលគេបានកត់ត្រាឃើញ ។

សេចក្តីរាយការណ៍ប្រចាំឆ្នាំ អ.ស.ប ឆ្នាំ ២០១៨ ស្តីពីការការពារជនស៊ីវិលនៅក្នុងជម្លោះប្រដាប់ អាវុធបានកត់ត្រាឃើញថា ជនស៊ីវិល ៣.៨០៤ នាក់ បានស្លាប់ក្នុងឆ្នាំ ២០១៨ ។ ក្នុងចំណោមអ្នកស្លាប់មានកុមារ៩១៧នាក់ជាចំនួន ដែលបានកត់ត្រាឃើញខ្ពស់បំផុតនៃក្មេងប្រុស និងក្មេងស្រី  ដែលបានស្លាប់ក្នុងជម្លោះនេះក្នុងអំឡុងឆ្នាំតែមួយ ចាប់តាំងពីឆ្នាំ ២០០៩ នៅពេលដែល UN AMA បានចាប់ផ្តើមតាមដានមើលការស្លាប់និងរបួសរបស់ពួកជនស៊ីវិល ។

សេចក្តីរាយការណ៍និយាយថា ជាសរុប UN AMA បានកត់តា្រឃើញការស្លាប់ និងរបួសជន ស៊ីវិល១០.៩៩៣ នាក់ ( ៣.៨០៤ នាក់ស្លាប់ និង៧.១៨៩​នាក់ របួស ) តំណាងឱ្យការកើនឡើង៥ភាគរយ ក្នុងការស្លាប់ និងរបួសជនស៊ីវិលទាំងអស់នឹងការកើនឡើង១១ភាគរយ ក្នុងការស្លាប់ជនស៊ីវិលបើប្រៀប ធៀបទៅនឹងឆ្នាំ២០០១៧ ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា កត្តាសំខាន់ដែលរួមចំណែកដល់ការកើនឡើងយ៉ាងសំខាន់ក្នុង ការស្លាប់និងរបួសជនស៊ីវិល គឺការកើនឡើងក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតធ្វើឡើងដោយពួកសកម្មប្រយុទ្ធតាលីបង់ និងពួកយុទ្ធជនរដ្ឋអ៊ិស្លាម( IS ) ក៏ដូចជាគ្រោះថ្នាក់ដែលបានកើនឡើងដល់ពួកជន   ស៊ីវិល ពីប្រតិបត្តិការអាកាស និងការរុករកធ្វើឡើងដោយកងកម្លាំងស្និទ្ធរដ្ឋាភិបាល ។

បេសកកម្មនេះបានចាត់ទុក៦៣ភាគរយនៃការស្លាប់ និងរបួសជនស៊ីវិលទៅលើក្រុមតាលីបង់ និង ក្រុមសកម្មប្រយុទ្ធដទៃទៀត, ២៤ ភាគរយទៅលើកងកម្លាំងសន្តិសុខក្នុងអំឡុងពេលនោះ ដោយឡែក១០ ភាគរយត្រូវបានគេភ្ជាប់ទៅនឹងភាគីទាំងពីរក្នុងអំឡុងការប៉ះទង្គិចគ្នានិងសល់៣ភាគរយ គឺបង្កឡើងដោយ ហេតុផលដទៃទៀត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)