រថភ្លើងរបស់មេដឹកនាំកូរ៉េខាងជើងបានទៅដល់ប្រទេសចិន តាមផ្លូវទៅកាន់ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩​ — យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានឱ្យដឹងថា រថភ្លើងពាសដែករបស់ប្រធានបក្សពលករកូរ៉េ និងគណៈកម្មការកិច្ចការរដ្ឋនៃរបបសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ លោក គីម ជុនអ៊ុន បានឆ្លងចូលតំបន់ព្រំដែនដាន់ដុង (Dandong) នៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) ដើម្បីឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់- ត្រាំ នៅក្នុងប្រទេសវៀតណាម។

ទីភ្នាក់ងារសារព័ត៌មាន Yonhab របស់កូរ៉េខាងត្បូង (RoK) និងភ្នាក់ងារជំនាញសារព័ត៌មាន NK បានរាយការណ៍ថា គេមិនដឹងថា តើមេដឹកនាំកូរ៉េខាងជើងស្ថិតនៅលើរថភ្លើងនោះដែរឬអត់នោះទេ។

មុនពេលរថភ្លើងមកដល់ សន្តិសុខត្រូវបានរឹតបន្តឹងដោយមានដាក់ពង្រាយនគរបាលនៅមាត់ទន្លេប្រហែល ១០០ម៉ែត្រពីស្ពានដែលមានរបាំងដែកការពារ។ នៅថ្ងៃទី២៣ ខែកុម្ភៈ ក្រសួងការបរទេសវៀតណាមបានប្រកាសថា លោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានាធិបតីវៀតណាម លោក  Nguyen Phu Trong។

វៀតណាមត្រៀមរៀបចំយ៉ាងល្អិតល្អន់សម្រាប់កិច្ចប្រជុំកំពូលលើកទី២ រវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី២៧ និង ២៨ ខែកុម្ភៈនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)