ប្រមុខរាជរដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋកុំ តក់ស្លុត និងភ័យខ្លាច ចំពោះឆ្កែខាំ

វិទ្យុជាតិកម្ពុជា ៖លោក ស្រី ប៉ុង សុភាវី ៖

ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវចំពោះប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមកុំអោយមានការតក់ស្លុត និងភ័យខ្លាច រហូតទៅដល់វិទ្យាស្ថានប៉ាស្ទ័រ និងទីកន្លែងនានា ដែលមានមនុស្សទៅកកកុញ ដើម្បីទទួលយកសេវាវ៉ាក់សាំង ដែលមិនមែនជាសេចក្ដីត្រូវការចាំបាច់របស់ខ្លួន អ្នកដែលមិនមានឆ្កែខាំ ក៏ទៅរកវ៉ាក់សាំងដែរ ដែលធ្វើអោយកកស្ទះ។


ក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញកាលពីព្រឹកថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថានៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការជ្រួលច្របល់ និងតក់ស្លុត សម្រាប់ប្រជាពលរដ្ឋមួយចំនួន ដែលផ្អើលតាមគ្នា ទាក់ទងជាមួយនឹងការស្លាប់ ដោយសារឆ្កែខាំ។
សម្ដេចតេជោបន្តថាកន្លងមកក្រសួងសុខាភិបាលបានធ្វើការអំពាវនាវរួចហើយ យើងពិតជានឹងខិតខំដោះស្រាយក៏ប៉ុន្តែអ្នកដែលមិនមានឆ្កែខាំឬឆ្មាខាំក៏បែរជាទៅដល់ទីនោះដែរ បានធ្វើអោយពិបាក ទៅដល់អ្នកដែលត្រូវទទួលវ៉ាក់សាំងព្រោះវាមានកម្មវិធីកំណត់ចំនួនមនុស្សដែលត្រូវទទួលវ៉ាក់សាំង ក្នុងមួយថ្ងៃ។
សំលេង៖ ព្រោះអ្នកអ្នកដែលធ្លាប់ទទួលឆ្កែខាំឬឆ្មាខាំ ឬស្អី ដែលទទួលវ៉ាក់សាំងនោះ គឺទទួលទៅហើយ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកដែល គ្មានឆ្កែខាំ ឬឆ្មាខាំនោះ បែរទៅជានាំគ្នាទៅកកកុញ នៅទីកន្លែងទទួលវ៉ាក់សាំង ហើយរហូតដល់ប្រទេចផ្ដាសា និងជេរប្រចោលទៅលើវិទ្យាស្ថានប៉ាស្ទ័រ និងទេសទាញទៅលើក្រសួងសុខាភិបាលផង អញ្ចឹងបញ្ហានេះ គឺដូចដែលក្រសួងសុខាភិបាលបានអំពាវនាវ ការការពារដើម្បីកុំអោយមានជំងឺ គេហៅថាឆ្កែឆ្កួត ឬសត្វខាំ វិធីដែលល្អជាងគេ កុំអោយឆ្កែខាំ អាហ្នឹងគឺមានតែប៉ុណ្ណឹងទេ គឺល្អជាងគេហើយ។ កុំទៅប្រលែងជាមួយសត្វឆ្កែ កុំទៅប្រលែងជាមួយសត្វដែលមានពិស គឺយើងជៀសវាងបានហើយ អាហ្នឹងគឺវិធីដែលល្អជាងគេ និយាយយ៉ាងដូច្នេះវាជៀសវាងមិនបានទេ ជួនកាលនៅឯជាយជនបទ គឺឆ្កែវាការពារកូនរបស់វាក៏វាចេញមកខាំក៏មាន ឆ្កែឆ្កួតវាចេញមកខាំក៏មាន។ អ្នកទាំងនោះហើយដែលត្រូវការបន្ទាន់ ហើយដែល ខ្ញុំស្នើអោយក្រសួងសុខាភិបាលពង្រាយនូវសេវាបែបនេះ សម្រាប់មន្ទីរពេទ្យមួយចំនួន ដែលមានលទ្ធភាពផ្ដល់សេវាបែបនេះ ហើយក៏អាចផ្ដល់លទ្ធភាពទៅអោយគ្លីនិកឯកជន ដើម្បីជួយផ្តល់សេវាវ៉ាក់សាំងបែបនេះផងដែរ។ ប៉ុន្តែការផ្តល់មិនមែនគ្រាន់តែចេះដែលផ្ដល់ ដោយគ្មានការពិគ្រោះ អំពីបញ្ហាជំងឺ តើវាកើតមកពីអីនោះទេ ចឹងខ្ញុំសូមអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង កុំតក់ស្លុតចំពោះមុខការស្លាប់ របស់កុមារីម្នាក់ គឺបង្កើតឡើងដោយការភ័យខ្លាចស្ទើតែពេញនគរដូច្នេះ។ ហើយវ៉ាក់សាំង បើទោះបីជាមានប៉ុន្មាន បើត្រូវការទាំងប៉ុន្មានដប់លាននាក់ ទៅចាក់សាំង ទាំងក្មេងទាំងចាស់យ៉ាងដូច្នេះ វាងាប់អស់ហើយមនុស្ស ចឹងទេសូមអោយទុកលទ្ធភាព អោយអ្នកដែលទទួល អ្នកដែលធ្លាប់ទទួលវ៉ាក់សាំងត្រូវទៅទទួលបន្ត ហើយអ្នកដែលត្រូវទទួលឆ្កែខាំ ឬឆ្មាខាំ ត្រូវទទួលបន្ត ប៉ុន្តែអ្នកដែលគ្មានទេ គឺរក្សាក្រោយទៅ ហើយចាំទៅពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យ តើទទួលវ៉ាក់សាំងបែបណា ខ្ញុំមិនមែនជាអ្នកជំនាញទេ ក៏ប៉ុន្តែឃើញភាពតក់ស្លុត របស់ប្រជាពលរដ្ឋរបស់យើង ហាក់ដូចជាធំពេក ចំពោះមុខសភាពការណ៍នេះ ដែលនាំទៅដល់ភាពកកកុញ នៅនឹងវិទ្យាស្ថានប៉ាស្ទ័រ ក៏ដូចជាកន្លែងទទួលវ៉ាក់សាំងមួយចំនួន៕