ប្រទេសអ៊ីរ៉ង់សាកល្បងការបាញ់មីស៊ីលពីនាវាមុជទឹកដោយជោគជ័យ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៥.០២.១៩)

អ៊ីរ៉ង់៖ តាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថាប្រទេសអ៊ីរ៉ង់បានសាកល្បងមីស៊ីលបាញ់ចេញពីនាវាមុជទឹកប្រកបដោយជោគជ័យកាលពីថ្ងៃអាទិត្យនេះនៅក្នុងសមយុទ្ធកងនាវាចរណ៍ក្បែរច្រកសមុទ្រហ័រម៉ូស (Hormuz)ខណៈពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក។

កាលពីពេលថ្មីៗនេះប្រទេសអ៊ីរ៉ង់បានគំរាមបិទច្រកសមុទ្រហ័រមូសដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយក្នុងឈូងសមុទ្រដើម្បីសងសឹកចំពោះវិធានការ​របស់សហរដ្ឋអាមេរិកមកលើប្រទេសអ៊ីរ៉ង់ដែលរួមមានទាំងការប៉ុនប៉ងបញ្ឈប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់តាមរយៈការដាក់ទណ្ឌ កម្ម។

កាលពីខែសីហាឆ្នាំមុនទីក្រុងវ៉ាស៊ីនតោនបាននិយាយថាប្រទេសអ៊ីរ៉ង់បានសាកល្បងបាញ់មីស៊ីល​ចម្ងាយខ្លីប្រឆាំងនឹងនាវានៅក្នុងការធ្វើសមយុទ្ធកងនាវាចរណ៍ ដែលគេជឿថាជាការព្រមានមួយបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដើម្បីដាក់ទណ្ឌកម្មឡើងវិញទៅលើទីក្រុងតេអេរ៉ង់។