បញ្ហាសំខាន់ៗមួយចំនួននឹងត្រូវយកមកពិភាក្សាក្នុងជំនួបកំពូលលើកទីពីររវាងលោកត្រាំនិងលោកគីម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៥.០២.១៩)

​អាមេរិក៖ ជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រំា និងមេដឹកនំាកូរ៉េខាងជើងនឹងចាប់ផ្តើមនៅទីក្រុងហាណូយ​ នៅថ្ងៃទី ២៧ និង ២៨ ខែ​កុម្ភៈនេះ ដោយពេលនោះនឹងមានការលើកយកបញ្ហាការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េនិងការបញ្ចប់ការដាក់ទណ្ឌកម្មមកលើប្រទេសកូរ៉េខាងជើង យកមកពិភាក្សាគ្នា ។

អ្នកវិភាគបាននិយាយថា ភាគីនីមួយ ៗ សុទ្ធតែមានការរំពឹងទុកមួយដ៏សំខាន់ ដោយខាងអាមេរិកគឺចង់ឲ្យប្រទេសកូរ៉េខាងជើងលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន​ហើយប្រទេសកូរ៉េខាងជើងវិញចង់បានឲ្យអាមេរិកបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិបានធ្វើអស់កាលជាយូរណាស់មកហើយ​។

ប្រទេសកូរ៉េខាងជើងចង់ឃើញថា ​ការលុបបំបាត់អាវុធនុយក្លេអ៊ែរនោះត្រូវតែរួមបញ្ចូលទំាងការបញ្ចប់ការដាក់ពង្រាយប្រព័ន្ធនុយក្លេអ៊ែរដែលអាមេរិកសាងសង់ឲ្យប្រទេសកូរ៉េខាងត្បូង និងកងកម្លំាងផ្នែកអាវុធនុយក្លេអ៊ែរ ផងដែរ ។​​

​​ជំនួបកំពូលលើកទីពីរ ប្រព្រឹត្តទៅនៅវិមានរដ្ឋាភិបាលនាទីក្រុងហាណូយពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ​ រយៈពេល ៨ ខែ បន្ទាប់ពីមេដឹកនំាទំាងពីរបានជួបគ្នា ជាលើកដំបូង​នៅក្នុងប្រទេសសឹង្ហបុរីកាលពីខែ មិថុនា ឆ្នំា ២០១៨ ។​