សម្តេចតេជោហ៊ុនសែនដាក់ចេញវិធាន ០៦ ចំនុចដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រីសឹង សុភារី
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការកាងារជាអាទិភាពចំនួន៦ចំណុចឲ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្តន៍ដើម្បីលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អដែលជាការរួមចំណែកការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិ ។

សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិកាជាតិវាយតម្លៃទីក្រុងស្អាត បានផ្ញើរសារលិខិតចូលរួមអបអរសាទរឱកាសទិវាជាតិទីក្រុងស្អាតលើកទី៧ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ ដែលត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

សាលិខិតបានបញ្ជាក់ថា ការងារអាទិភាពចំនួន ៦ចំណុចគឺ ៖
១.ខិតខំចាប់យកនូវកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដោយត្រូវរួមគ្នាឆ្ពោះទៅអភិវឌ្ឍទីក្រុងប្រកបដោយភាពវៃឆ្លាត និងទេសចរណ៍ឆ្លាតវៃ ។
២.រៀបចំឱ្យមានសកម្មភាពទីក្រុងស្អាតនៅតាមកន្លែងធ្វើការ ស្ថាប័ន សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ផ្សារ រោងចក្រ សហគ្រាស បុរីជាដើមសំដៅធ្វើឱ្យកន្លែងទាំងនោះប្រកបដោយភាពស្អាត និងបៃតងគ្រប់រដូវកាលគ្រប់ពេលវេលាបំផុសឲ្យបានជាប្រចាំយុទ្ធនាការកម្ពុជាស្អាតនៅគ្រប់ទីកន្លែង បន្តជំរុញលើកទឹកចិត្តយុទ្ធនាការ ទេសចរណ៍មួយដើមឈើមួយដើមនិងយុវជនម្នាក់ដើមឈើមួយដើម និងគូស្រករមួយគូដើមឈើពីរដើមជាដើមនិងស្នើឲ្យគ្រប់ខេត្តត្រូវមានសួនទេសចរណ៍យ៉ាងហោចមួយ ។
៣.ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវមូលនិធិអនាម័យបរិស្ថានត្រូវយកចិត្តទុកដាក់លើការងារអនាម័យនិងត្រូវរៀបចំឱ្យមានសង្កាត់គំរូនៅតាមទីក្រុងទីប្រជុំជននានានិងជំរុញលើកទឹកចិត្តឲ្យមានការរៀបចំបង្គន់អនាម័យសាធារណៈស្របតាមស្តង់ដារឲ្យបាននៅតាមទីសាធារណៈនិងរមណីយដ្ឋានទេសចរណ៍ ។
៤.ស្របតាមស្តង់ដាទីក្រុងស្អាតស្នេហ៍ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវខិតខំរៀបចំឲ្យមានសួនកម្សាន្តកុមារ និងទីតាំងសម្រាប់លេងកីឡាឱ្យបានគ្រប់គ្រាន់។
៥.ស្នើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិផ្នែកឯកជននិងភាគីពាក់ព័ន្ធត្រូវខិតខំបង្កើតជាវិថីហូបអាហារនឹងខិតខំពង្រឹងគុណភាពសេវាកម្មតូបលក់ម្ហូបអាហារតាមដងផ្លូវស្របតាមស្តង់ដានៅតាមទីក្រុងនិងទីប្រជុំជននានាដើម្បីសុខុមាលភាពប្រជាពលរដ្ឋនិងភ្ញៀវទេសចរនឹងត្រូវរៀបចំឲ្យមានខ្សែក្រវ៉ាត់បៃតងនៅតាមទីក្រុងទេសចរណ៍សំខាន់សំខាន់ដើម្បីគាំទ្រដល់យុទ្ធនាការទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង។
៦.ស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តខិតខំថែរក្សាឲ្យបាននូវសន្តិភាពសណ្ដាប់ធ្នាប់សុវត្តិភាពសង្គមឲ្យស្របតាមទស្សនទានទីក្រុងស្អាតទីក្រុងប្រកបដោយសុខសុវត្ថិភាពល្អនិងទីក្រុងស្អាតទីក្រុងមានសណ្តាប់ធ្នាប់សាធារណៈល្អ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តថាការចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្តដូចយុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតនិងសូមជូនពរអោយទិវាជាតិទីក្រុងស្អាតនិងចលនាប្រឡងប្រណាំងទីក្រុងស្អាតប្រព្រឹត្តទៅប្រកបដោយជោគជ័យជានិច្ចនិរន្តរ៍៕