មូលនិធិ ហោណាំហុង បូរី ហោ ជួយឧបត្ថម្ភថវិកាដល់កុមារពិការភ្នែកនិង គថ្លង់ខេត្តកំពង់ចាមចំនួន៤៨០លានរៀលក្នុងមួយឆ្នាំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោកស្រី ប៉ុង សុភាវី ៖

មូលនិធិ ហោណាំហុង បូរី ហោ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហោណាំហុងបាន ប្រកាសជួយឧបត្តម្ភថវិកាចំនួន៤៨០លានរៀលក្នុងមួយឆ្នាំដល់កុមារពិការភ្នែក និង គ ថ្លង់ ខេត្តកំពង់ចាម ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រចាំថ្ងៃរបស់កុមារមានពិការភាពទាំងនោះ។

ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩បាននាំយកនូវមូលនិធិ ហោ ណាំហុង បូរី ហោ មកផ្តល់ការឧបត្ថម្ភ ដល់កុមារពិការភ្នែក គ ថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ដើម្បីទុកផ្គត់ផ្គង់ជីវភាព សិស្សានុសិស្ស និងប្រើប្រាស់ជាផលប្រយោជន៍ក្នុងសាលា។


ក្នុងឱកាសអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ កុមារពិការភ្នែក កុមារ គថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ បានប្រព្រឹត្តិទៅនៅបរិវេណសាលា វិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតនៅទីរួមខេត្តកំពង់ចាម ដោយ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានសំដែងនូវការអាណិតផង រំភើបផង ដែលបានមកជួបផ្ទាល់ចៅៗជាកុមារពិការភ្នែក និងគថ្លង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអោយដឹងថា កាផ្តល់មូលនីធិជួយដល់កុមារមានពិការភាពទាំងនេះ ដោយមើលឃើញពីការអាណិតអាសូរយ៉ាងខ្លាំងចំពោះកុមារដ៏អភ័ព្វទាំងនេះ ដែលជាកុមារកំព្រា និងកុមាពិការ ដែលត្រូវឪពុកម្ដាយបោះបង់ចោល ។ ម្យ៉ាងទៀតដោយមើលឃើញពីរការលំបាក និងទុកវាទនារបស់កុមារកំព្រាទាំងនេះ ក្នុងជីវភាពប្រចាំថ្ងៃ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ ក្រៅពីការជួយឧបត្ថម្ភនាពេលនេះ មូលនិធីនឹងខិតខំស្វែងរកជំនួយ ពីសប្បុរសជនបន្ថែមទៀតសំរាប់ការជួយឧបត្ថម្ភឲ្យកាន់តែប្រសើរថែមទៀត ដើម្បីជាការរួមចំណែកក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ពិសេសការផ្ដល់ជំនួយដ៏ធំធេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ជនពិការនិងកុមារពិការនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា មូលនិធិ ហោ ណាំហុង បូរី ហោរបស់ឯកឧត្ដមឯកឧត្ដម ហោ ណាំហុងឧបនាយករដ្ឋមន្រ្ដីបានប្រកាសផ្ដល់ថវិកាជាច្រើនទៀតសំរាប់ជួយទ្រទ្រង់ដល់ បុរីទារក កុមាជាតិនៅភ្នំពេញ និងវិទ្យាល័យកុមារពិកាសម្បទាមួយកន្លែងទៀតនៅខេត្តកំពង់ចាមជារៀងរសល់ឆ្នាំដើម្បីលើកស្ទួយជួយដល់កុមារកំព្រារស់ទាំងនោះអោយកាន់តែមានភាពល្អប្រសើរ មានការរស់នៅសមរម្យ និងបានរៀនសូត្រទៀងទាត់។
គួរបញ្ជាក់ដែរថា សម្រាប់សាលាកុមារ ពិការភ្នែក កុមារ គ ថ្លង់ ខេត្តកំពង់ចាម ជានិច្ចកាលតែងតែ មានការជួយឧបត្តម្ភ គាំទ្រ ពីសំណាក់ សម្តេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ កាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ចាម ក្រសួងអប់រំ និងកីឡា រួមទាំងសប្បុរសជន នានាជាច្រើនទៀត ពិសេសក្នុងឱកាសនេះ ទទួលបានការគាំទ្រ និង ផ្តល់នូវថវិកា ជាច្រើនពីមូលនិធិ ហោ ណាំហុង បូរី ហោ រួមជាមួយការរៀបចំអាហារ១ពេល សម្រាប់ កុមារពិការភ្នែក និងកុមារ គ ថ្លង់ ទាំងអស់ក្នុងសាលានេះផងដែរ៕