អាជ្ញាធរភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម៉ូតូកង់បី ក្រោយពីផ្ទុះបញ្ហាមិនប្រក្រតីជាច្រើនទៅលើភ្ញៀងនិងអ្នកដំណើរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ​៖ រដ្ឋបាលរាជធានីភ្នំពេញកាលពីចុងសប្តាហ៏នេះ បានកោះអញ្ជើញវិស័យ ក្រុមអ្នកប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់៣ក្នុងរាជធានីភ្នំពេញរួមជាមួយមន្ត្រីជំនាញពាក់ពន្ធ័ដើម្បីជជែកគ្នាស្វែងរកវិធានការ ជាក់លាក់មួយក្នុងការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់៣ ក្រោយពីកើតមានបញ្ហាប្រឈមជាច្រើននាពេលថ្មីៗនេះដែលប៉ះពាល់ដល់សន្តិ សុខសណ្តាប់ធ្នាប់ក្នុងទីក្រុង​ ។

ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ប៉ុន្មានថ្ងៃ មកនេះ បានកើតមានបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ ពិសេសកើតមានបាតុភាពអ្នករត់ម៉ូតូកង់៣បៀតបៀនរាងកាយអ្នកដំណើរថែមទៀត និងបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់អ្នកដំណើរជាដើម។ឯកឧត្តម​បន្តថា ការគ្រប់គ្រងម៉ូតូកង់៣នេះមិនអាចព្រលែងបានទេព្រោះវាប៉ះពាល់ដល់សន្តិសុខសាធារណៈ។

 

មន្ត្រីជំនាញបញ្ជាក់ថា បច្ចុប្បន្ន​អ្នកប្រកបរបររត់ម៉ូតូកង់៣មានចំនួន​២៤.៤២៩គ្រឿងដែលកំពុងប្រកបរបរដឹកជញ្ជូន អ្នកដំណើរសព្វថ្ងៃនៅរាជធានីភ្នំពេញទាំងក្រុមហ៊ុន ឬសមាគមដែលតម្រូវអោយអ្នករត់ម៉ូតូកង់៣ទាំងអស់ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល។ម៉ូតូកង់៣ទាំងអស់ត្រូវតែមានបិទរូបថត,មានអត្តសញ្ញាណបណ្ណ័,លេខទូរសព្ទ័ក្រុមហ៊ុន,មានបណ្ណ័បើកបរ បិទនៅជញ្ជាំងម៉ូតូចំពីមុខអ្នកជិះ និងត្រូវមានការចុះបញ្ជីត្រឹមត្រូវ និងមិនអោយមានម៉ូតូកង់៣រត់លើផ្លូវដោយគ្មានស្លាកលេខនោះឡើយ។


​ កន្លងមក​អាជ្ញាធរសង្កេតឃើញថា ចំពោះម៉ូតូកង់៣រត់តាមរយះសមាគមឬក្រុមហ៊ុនមិនមានបញ្ហាអីទេ។តែសំរាប់ម៉ូតូដែលជួលពីក្រុមហ៊ុន ឬម៉ូតូកង់៣ឯកជនច្រើនមានបញ្ហានិងមានរឿងច្រើនប៉ះពាល់ដល់អ្នកជិះ។

គួររំលឹក​ថា កាលពីឆ្នាំ២០១៧រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឲ្យអ្នករត់ម៉ូតូកង់៣ទៅធ្វើស្លាកលេខដោយមិនយកប្រាក់ តែពេលនេះលែងមានការអនុគ្រោះទៀតហើយព្រោះការអប់រំក៏យូល្មមហើយដែររួមទាំងវិធានការដកហូតវិទ្យុទាក់ទងពីអ្នករត់ម៉ូតូកង់៣ដែលប្រើប្រាស់បែបអនាធិបតេយ្យ មិនមែនជាសមត្ថកិច្ចដែលត្រូវប្រើប្រាស់នោះឡេីយ។

​ សូមបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុនដែលកំពុងរកស៊ីតាមរយះមធ្យោបាយធ្វើដំណើរដោយម៉ូតូកង់៣ក្នុងរាជធានីភ្នំពេញគឺក្រុមហ៊ុនPassApp.Grab និងក្រុមហ៊ុនWe go។