រដ្ឋបាលខេត្តព្រះសីហនុលើកទឹកចិត្តដល់ម្ចាស់អាហារដ្ឋានអោយយកចិត្តទុកដាក់អំពីគុណភាពចំណីអាហារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការសុវត្ថិភាពចំណីអាហារថ្នាក់ខេត្ត បានមានប្រសាសន៏ថា សុវត្ថិភាពចំណីអាហារគឺជាចំណុចសំខាន់ដែលត្រូវគិតគូរទាំងអស់គ្នាគ្រាដែលជីវភាពប្រជាជនយើងសព្វថ្ងៃនេះកំពុងមានភាពប្រសើរឡើង អាហារហូបចុកក៏សំបូរបែប ដើម្បីធ្វើអោយមានសុខភាពល្អប្រសើរ និងចៀសផុតពីជំងឺដង្កាត់នានា។


ក្នុងពិធីចែកវិញ្ញាបនបត្រអនាម័យចំណីអាហារជូនម្ចាស់អាហារដ្ឋានកាលពីល្ងាចថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៩ នៅភោជនីដ្ឋានម្ជូរខ្មែរ នៅសង្កាត់លេខ១ ក្រងព្រះសីហនុឯកឧត្តម យន្ត មីន
បានរំលឹកដោយទទូចអោយម្ចាស់អាហារដ្ឋានទាំងឡាយត្រូវ យកចិត្តទុកដាក់បន្ថែមទៀតអំពីគុណភាពចំណីអាហារសំរាប់សុខភាពអ្នកបរិភោគជាពិសេសភ្ញៀវទេសចរដែលគេមកលេងខេត្តព្រះសីហនុ។ឯកឧត្តម ផ្តល់អនុសាសន៍ថា៖ ប្រសិនជាម្ចាស់អាហារ ដ្ឋានទាំងឡាយពង្រឹងគុណភាពចំណី អាហារបានល្អនិងរៀបចំបរិស្ថានអាម័យបានល្អថែមទៀតនោះ ភ្ញៀវគេនឹងមានចំណាប់អារម្មណ៏ ព្រោះសម័យឥលូវនេះប្រជាជនទូទៅគេកំពុងមានការគិតគូរខ្លាំងអំពីបញ្ហាសុខភាព។

លោកស្រី មិន សុគន្ធា អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានអោយដឹងថា សុខភាពគឺជាកត្តាសំខាន់ណាស់ ហើយការទទួលទានចំណីអាហារដែលមានសុវត្ថិភាពគឺផ្នែកមួយសំខាន់ដែលជះឥទ្ធិពលដល់សុខភាពអ្នកបរិភោគ។


ទន្ទឹមនេះលោកស្រី ស្នើម្ចាស់អាហារដ្ឋានទាំងអស់គួរបង្កើតការយកចិត្តទុកដាក់លើការពង្រឹងគុណភាពម្ហូបអាហារនៅតាមហាងរបស់ខ្លួនអោយបានល្អប្រសើរ។
លោកស្រីបានគូសបញ្ជាក់ថា សំរាប់ក្រុងព្រះសីហនុ អាហារដ្ឋានដែលក្រុមការងារបានចុះចលនាអប់រំអំពីសុវត្ថិភាពចំណីអាហារមានចំនួនជាង៣០០កន្លែង។អាហារដ្ឋានដែលលក្រុមការងារគណៈកម្មការសុវត្ថិភាពចំណីអាហារថ្នាក់ខេត្តបានចុះវាយតំលៃនិងសម្រេចផ្តល់វិញ្ញាបនបត្រជូនមានចំនួន១០១កន្លែងក្នុងនោះឆ្នាំ២០១៨កន្លងទៅមានចំនួន៩២កន្លែងចំណែកដើមឆ្នាំ២០១៩ មានចំនួន០៩កន្លែង។ដោយឡែកអាហារ ដ្ឋានដែលនៅសេសសល់មិនទាន់បានចូលរួម លោកស្រី មិន សុគន្ធា បានគូសបញ្ជាក់ថា ក្រុមការងារនៅតែបន្តចុះណែនាំម្ចាស់ទីតាំងដើម្បីអោយពូកគាត់ចូលរួមបើទោះជាគណៈកម្មការនេះមិនមានទំងន់ក្នុងការដាក់សម្ពាធលើពួកគាត់អោយត្រូវតែចូលរួមក្តី។លោកស្រីបានបញ្ជាក់ថាវិញ្ញាបនបត្រចំណីអាហារនេះបញ្ជាក់អោយឃើញថាក្រុមក្រុមការងារបានចុះពិនិត្យត្រឹមត្រូវ។វិញ្ញាបនបត្រនេះ
ធ្វើឡើងមួយឆ្នាំម្តងប៉ុន្តែចំហាងណាដែលបានទទួលវិញ្ញាបនបត្រនេះហើយតែមិនបានគោរពតាមលក្ខខណ្ឌត្រឹមត្រូវគណៈកមម្មការអាចចុះពិនិត្យវាយតំលៃឡើងវិញ។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុដោយមានការផ្តួចផ្តើមគំនិតពីឯកឧត្តម យន្ត មីន ក៏បានធ្វើពិធីពិព័រណ៍បន្លែផ្លែឈើ និងម្ហូបអាហារគ្មានសារធាតុគីមីប៉ះពាល់ដល់សុខភាពម្តងដែរ។កម្មវិធីត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងក្លាដែរពីមជ្ឈដ្ឋានទូទៅដើម្បីបំផុសគំនិតស្មារតីមហាជនអោយងាកមកចាប់អារម្មណ៍អំពីសុវត្ថិភាពចំណីអាហារសំដៅលើកកំពស់ការយល់ដឹងអំពីសុខភាពពលរដ្ឋនិងភ្ញៀវទេសចរដែលមកទទួលទានអាហារគ្រាដែលពួកគេនាំក្រុមគ្រួសារមកសំរាកលំហែនៅក្រុងព្រះសីហនុ៕