លទ្ធផលនៃទស្សនកិច្ច ផ្លូវការ របស់ ឯកឧត្ដម ប្រាក់ សុខុន នៅប្រទេសឡាវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានបង្ហាញលទ្ធផលនៃទស្សនកិច្ច ផ្លូវការ របស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃ ព្រះ រាជាណាចក្រ កម្ពុជា នៅ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ និង កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា-ឡាវ លើកទី១៣នៅរដ្ឋធានីវៀងចន្ទន៍ ថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៩។

លទ្ឋផលមានដូចខាងក្រោម
តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃ សាធារណ រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង
សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិ ច្ច ផ្លូវការ និង ធ្វើ ជា សហប្រធាន កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ លើកទី១៣ ពី ថ្ងៃទី២១ ដល់២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
នៅ មុន កិច្ចប្រជុំ គណៈកម្មការ ចម្រុះ សម្រាប់ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្ដម សាលើមសៃ គុំម៉ាស៊ីត បាន ជួបប្រជុំ ទ្វេភាគី ដែល ក្នុង នោះ រដ្ឋមន្ត្រី ការបរទេស ទាំងពីរ បាន ផ្លាស់ប្ដូរព័ត៌មាន ស្ដីពី ការវិវត្តនយោបាយ ថ្មី ៗ នៅ ក្នុង ប្រទេស រៀងៗខ្លួន។
ភាគីទាំងពីរបានពិភាក្សាគ្នា យ៉ាង ស្និទ្ធស្នាល លើវិស័យកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងឱ កា ស កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការ ទ្វេភាគី លើកទី១៣។ ដោយ កត់សម្គាល់ ឃើញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បាននឹង កំពុង រីកចម្រើន ប៉ុន្តែនៅមានកម្រិតនៅឡើយ ភាគីទាំងពីរបានឯកភាពគ្នា សម្រួលពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត បង្កើន ការអនុវត្តកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការ ពារវិនិយោគ និងបង្កើតបរិយាកាសអំណោយផល ដល់ វិនិយោគិន ដើម្បីលើកកម្ពស់លំហូរចេញ-ចូល នៃវិនិយោគរវាងប្រទេសទាំងពីរ។
ចំពោះវិស័យសន្តិសុខ ភាគីទាំងពីរបានឯកភាពបន្តចែករំលែក និងផ្លាស់ប្តូព័ត៌មានពាក់ព័ន្ធ នឹងការទប់ស្កាត់ ការជួញដូរមនុស្ស និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទកម្ពុ ជា និងកងទ័ពប្រជាជនឡា វ តាម រយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត។
កិច្ចប្រជុំបានស្វាគមន៍ការ រៀបចំបឋមនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយ រថយន្ត ដឹក អ្នក ដំណើររវាង កម្ពុជា និងឡាវ ជាពិសេសរវាងភ្នំពេញ-ប៉ាក់សេ និងសៀមរាប-ប៉ាក់សេ។ ភាគីទាំងពីរក៏បាន
ឯកភាព គ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិល លើ ផ្នែក សុវត្ថិភាព សន្តិសុខ ការអភិវឌ្ឍផ្លូវអាកាស និង ការ ផ្លាស់ប្ដូរ ការ បណ្ដុះបណ្ដាល និងពិនិត្យលទ្ធភាពបង្កើន ការហោះហើរត្រង់បន្ថែម ទៀត រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ ក៏បាន ពិភាក្សា អំពីការ ដោះស្រាយបញ្ហាព្រំដែន  និងលើកទឹកចិត្តឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ បញ្ចប់សេចក្តីព្រាងបែបបទបច្ចេកទេស (TOR) ឲ្យបានឆាប់ ស្របតាមខ្លឹមសារនៃលិខិតរួមរបស់នាយករដ្ឋមន្ត្រីទាំងពីរ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ផ្ញើ ជូន ប្រធានាធិបតី បារាំង។ ភាគីទាំងពីរក៏បានឯកភាពលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនរបស់ខ្លួន លើឯកសារព្រំដែនដែលត្រូវបានព្រមព្រៀង ដោយប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សកម្មភាពដូចជា អន្តោប្រវេសន៍ខុសច្បាប់ ពាណិជ្ជកម្ម ខុសច្បាប់ និងការឆ្លងដែនខុសច្បាប់តាមបណ្តោយព្រំដែន។
កិច្ចប្រជុំក៏បានឯកភាពអំ ពី ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលក្នុងនោះរួមមាន អប់រំ ព័ត៌មាន កសិកម្ម ទេសចរណ៍ វប្បធម៌ សុខភាពសាធារណៈ ប្រៃសណីយ៍ និងទូរគមនាគមន៍ ច្បាប់ និងកិច្ចសហប្រតិបត្តិការតុលាការ និងកិច្ចសហប្រតិបត្តិការកុងស៊ុល។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការក្នុងយន្តការថ្នាក់អនុតំបន់ និងតំបន់ ឆ្ពោះទៅរកសមាហរណកម្ម និង ការ តភ្ជាប់ សេដ្ឋកិច្ចប្រកបដោយចីរភាព និង គ្រប់ជ្រុងជ្រោយ។
នៅ ពេល បញ្ចប់ កិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានចុះហត្ថលេខាលើកំណត់ហេតុ នៃ កិច្ច ប្រជុំគណៈកម្មការ ចម្រុះ សម្រាប់ កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើកទី១៣ និងបាន ឯកភាព រៀបចំ កិច្ច ប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេ ភាគីលើកទី១៤ នៅ ប្រទេសកម្ពុជា នៅ ឆ្នាំ ២០២១។
ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសឡាវ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានក៏ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ប៊ុនញ៉ាំង វរជិត ប្រធានរដ្ឋឡាវ និង ឯកឧត្តម ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី ផងដែរ។ ជាកិច្ចឆ្លើយតបនឹងរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ប្រាក់ សុខុន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការ ចម្រុះ សម្រាប់ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ថ្នាក់ដឹកនាំឡាវទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែង និងភាពជាអ្នកជិតខាងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកទឹកចិត្ត ឲ្យប្រទេសទាំងពីរ ថែរក្សាទំនាក់ទំនង មិត្តភាពដែលមានស្រាប់ សាមគ្គីភាព និងភាតរភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម ទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងឡាវ៕